ភ្នំពេញ៖ ថ្ងៃទី១១ ខែមីនានេះ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ Golden West Humanitarian Foundation ដឹកនាំដោយលោក Shathel Fahs ទីប្រឹក្សាបច្ចេកទេស ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា។
ឯកឧត្ដម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការចូលរួមរបស់ Golden West Humanitarian Foundation ក្នុងការផ្តល់ភាពជាដៃគូជាមួយនឹងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចាប់តាំងពីឆ្នាំ១៩៩៨ ក្នុងនោះ បានចូលរួមដល់ការកសាងសមត្ថភាព និងការបណ្តុះបណ្តាលបច្ចេកទេសបន្សាបគ្រឿងផ្ទុះ ។
ក្នុងឱកាសនោះដែរឯកឧត្ដម ទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យ Golden West Humanitarian Foundation បង្កើននូវកិច្ចសហប្រតិបត្តិការបន្ថែមដោយផ្តោតសំខាន់លើវិស័យសកម្មភាពមីនទាំងមូល ដូចជាការនាំមកនូវបច្ចេកវិទ្យាទំនើប ការចូលរួមបណ្តុះបណ្តាលតាមសហគមន៍ងាយរងគ្រោះ អាជ្ញាធរមូលដ្ឋាន និងកម្លាំងមានសមត្ថកិច្ចតាមមូលដ្ឋាន តាមរយៈការបញ្ជ្រាបចូលក្នុងកម្មវិធីអប់រំផ្សព្វផ្សាយយល់ដឹងអំពីមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះតាមសហគមន៍ជាដើម។
ទេសរដ្ឋមន្រ្តី បានលើកឡើងថា Golden West Humanitarian Foundation និង Platinum East គ្រោងនឹងចុះអនុស្សារណៈយោគយល់គ្នា ស្តីពីការបន្តពង្រឹងភាពភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរមីន ក្នុងនាមអាជ្ញាធរមីនជាស្ថាប័នសាធារណៈរបស់រដ្ឋ និងជាសេនាធិការឲ្យរាជរដ្ឋាភិបាល ហើយបានបង្ហាញពីបំណងជួយដល់កម្ពុជាឲ្យក្លាយជាមជ្ឈមណ្ឌលនាំមុខគេក្នុងការកសាងសមត្ថភាព និងការបណ្តុះបណ្តាលបច្ចេកទេសសម្រាប់វិស័យសកម្មភាពមីននៅថ្នាក់តំបន់ និងពិភពលោកផងដែរ។
ជាមួយគ្នានេះ អាជ្ញាធរមីន បានស្វាគមន៍ចំពោះការចូលរួមក្នុងការចុះអនុស្សារណៈនៃការយោគយល់រួមគ្នារវាងអាជ្ញាធរមីន និង Golden West Humanitarian Foundation ជាមួយស្ថាប័នដទៃទៀតទាំងក្នុង និងក្រៅប្រទេស ក្នុងគោលដៅជួយដល់កម្ពុជា។
ជាចុងបញ្ចប់ ទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យ Golden West Humanitarian Foundation ជួយបណ្តុះបណ្តាលដល់ក្រុមជំនាញ (QM Team) របស់អាជ្ញាធរមីន សម្រាប់កិច្ចប្រតិបត្តិការត្រួតពិនិត្យគុណភាពនៅទីវាល៕