យោងតាមបុគ្គលដែលដឹងពីបញ្ហានេះ បានប្រាប់ថា ក្រសួងការបរទេស បានណែនាំអ្នកការទូតអាមេរិកឲ្យពន្យល់ពីក្រុមប្រឹក្សាសន្តិភាពរបស់លោកប្រធានាធិបតី Donald Trump ថា ស្ថាប័ននេះមិនមែនបង្កើតឡើង ក្នុងគោលបំណងជំនួសអង្គការសហប្រជាជាតិ (UN) នោះឡើយ ប៉ុន្តែត្រូវបានរៀបចំឡើង ដើម្បីបំពេញបន្ថែមប៉ុណ្ណោះ។
សារនោះ ដែលជាផ្នែកមួយនៃគំនិតគន្លឹះសំខាន់ៗបន្តបន្ទាប់ដែលត្រូវបានផ្ញើទៅកាន់បេសកកម្មអាមេរិក នៅជុំវិញពិភពលោក បានកើតមានឡើង បើទោះបីជាលោក Trump បានលើកឡើងដដែលៗ ក្នុងសប្តាហ៍នេះថា ក្រុមប្រឹក្សានេះត្រូវការជាចាំបាច់ ពីព្រោះ UN មិនមានប្រសិទ្ធភាពក្នុងការដោះស្រាយជម្លោះបន្ទាន់របស់ពិភពលោកក៏ដោយ។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិភាពនេះ ដើមឡើយ មានគោលបំណងបង្កើតជាក្រុមមេដឹកនាំពិភពលោកលេចធ្លោ ដែលនឹងផ្តល់ការត្រួតពិនិត្យ សម្រាប់រយៈពេលអន្តរកាល នៅក្នុងតំបន់ហ្កាហ្សា ដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម ពោលគឺជាផ្នែកមួយនៃផែនការសន្តិភាព ២០ចំណុចរបស់លោក Trump ដែលបានបញ្ចប់ការប្រយុទ្ធគ្នា រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស។
ប៉ុន្តែនៅពេលដែលសេចក្ដីលម្អិតបន្ថែមទៀតបានលេចឡើង អ្នកការទូតរបស់រដ្ឋមន្ត្រីការបរទេស លោក Marco Rubio ឥឡូវនេះ កំពុងព្យាយាមសម្រាលក្ដីបារម្ភដែលមានកាន់តែខ្លាំងឡើងៗ អំពីវិសាលភាព និងមហិច្ឆតារបស់ក្រុមប្រឹក្សាថ្មីនេះ ដែលលោក Trump នឹងធ្វើជាប្រធាន។ នេះបើយោងតាមប្រភពដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
បើយោងតាមបុគ្គលទាំងនោះ បានបញ្ជាក់ថា ចំណុចពិភាក្សាសំខាន់ៗដែលបានផ្ញើទៅកាន់អ្នកការទូតអាមេរិក បានលើកឡើងថា វាគឺជារឿងសមស្របណាស់ដែលប្រធានាធិបតីអាមេរិក នឹងធ្វើការសម្រេចចុងក្រោយ ស្ដីពីការចុះឈ្មោះជាសមាជិក ពីព្រោះវាជាគំនិតផ្តួចផ្តើមដឹកនាំដោយអាមេរិក។ ហើយពួកគេបានបន្ថែមថា ក្រុមនេះនឹងមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក ប៉ុន្តែនឹងជួបគ្នាជាញឹកញាប់ តាមរយៈការប្រជុំតាមវីដេអូ Zoom៕


