អំឡុងពេលផ្ដល់បទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធ (ទី២១ ខែមករា ឆ្នាំ២០២៦) នៅមុនថ្ងៃប្រជុំ ក្នុងទីក្រុង Davos ប្រទេសស្វីស រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក Jose Manuel Albares បាននិយាយថា ប្រទេសអេស្ប៉ាញកំពុងជំរុញសហភាពអឺរ៉ុប (EU) ឲ្យឆ្ពោះទៅរកការបង្កើតកងទ័ពរួម សម្រាប់ប្លុកនេះ ជាវិធានការទប់ស្កាត់។
រដ្ឋមន្ត្រីការបរទេសរូបនេះ បានលើកឡើងថា តំបន់នេះគួរតែផ្តោតជាដំបូង លើការរួមបញ្ចូលនូវធនធានជាក់ស្តែងរបស់ខ្លួនជាមួយគ្នា ដើម្បីធ្វើសមាហរណកម្មឧស្សាហកម្មការពារជាតិរបស់ខ្លួនឲ្យបានសមស្រប ហើយបន្ទាប់មកប្រមូលផ្ដុំសម្ព័ន្ធមានឆន្ទៈរួម។

លោក Albares បានបញ្ជាក់ថា ក្ដីបារម្ភ អំពីថា តើពលរដ្ឋអឺរ៉ុប នឹងមានឆន្ទៈប្រមូលផ្តុំយោធាដែរ ឬអត់ គឺជា «ការជជែកវែកញែកស្របច្បាប់» ប៉ុន្តែឱកាសនៃការប្រមូលផ្តុំដ៏ធំសម្បើម គឺខ្ពស់ ដោយសារការរួមកម្លាំងក្នុងប្លុក ប្រសើរជាងនៅកម្រិតជាតិ ដោយលោកបានបន្ថែមថា «កិច្ចប្រឹងប្រែងរួមគ្នា នឹងមានប្រសិទ្ធភាពជាងកងទ័ពជាតិចំនួន ២៧ ប្រទេស ដែលនៅដាច់ដោយឡែកពីគ្នា»។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយទាំងនេះ បានកើតឡើងមុនកិច្ចប្រជុំបន្ទាន់ រវាងបណ្ដាមេដឹកនាំ EU នាថ្ងៃព្រហស្បតិ៍ (ទី២២ ខែមករា ឆ្នាំ២០២៦) នេះ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ដើម្បីសម្របសម្រួលការឆ្លើយតបរួមគ្នា ចំពោះការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក Trump ក្នុងការទិញ ឬបញ្ចូលជាឧបសម្ព័ន្ធនូវដែនដី Greenland។
អ្នកនាំពាក្យក្រុមប្រឹក្សា បានបញ្ជាក់កាលល្ងាចថ្ងៃពុធថា កិច្ចប្រជុំនេះនឹងនៅតែប្រព្រឹត្តទៅ ទោះបីជាលោក Trump បានប្រកាសនៅលើបណ្ដាញសង្គមថា លោក និងអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាន «បង្កើតក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង» ក៏ដោយ៕


