សំឡេងរោរ៍ប្រកាសអាសន្នអគ្គិភ័យមួយ បានបន្លឺឡើង កាលពីយប់ថ្ងៃពុធ (ទី២១ ខែមករា ឆ្នាំ២០២៦) ក្នុងមជ្ឈមណ្ឌលសភា Davos (Davos Congress Center) របស់ប្រទេសស្វីស ក្នុងអំឡុងពេលមានវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ខណៈដែលប្រធានាធិបតីអាមេរិក Donald Trump ស្ថិតនៅក្នុងអគារនោះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានស្វីស Keystone-SDA។
អ្នកនាំពាក្យរបស់នគរបាលតំបន់ Graubunden បានប្រាប់ទីភ្នាក់ងារសារព័ត៌មាននេះថា គិតត្រឹមល្ងាចថ្ងៃពុធ គេនៅតែមិនច្បាស់នោះទេថា តើអគ្គិភ័យបានចាប់ផ្ដើមពីកន្លែងទីណា។

បើយោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា លោក Trump កំពុងស្ថិតនៅខាងក្នុងអគារនោះ អំឡុងពេលកើតហេតុ ជាកន្លែងដែលលោកបានថ្លែងសុន្ទរកថា នាពេលរសៀល។ នគរបាលបានបញ្ជាក់ថា មិនមានការរាយការណ៍ថា មានអ្នករងរបួសនោះឡើយ ខណៈដែលក្រុមពន្លត់អគ្គិភ័យ មន្ត្រីនគរបាល និងរថយន្តសង្គ្រោះបន្ទាន់ ត្រូវបានដាក់ពង្រាយ ដោយសារតែការមានសន្តិសុខយ៉ាងតឹងរ៉ឹង នៅជុំវិញព្រឹត្តិការណ៍នេះ។
ហេតុការណ៍នេះបានកា្លយជាភាពអាសន្នទាក់ទងនឹងអគ្គិភ័យទី២ នៅក្នុងទីក្រុង Davos កាលពីល្ងាចថ្ងៃពុធនោះ។ យោងតាមសេចក្ដីរាយការណ៍ នគរបាលបានឲ្យដឹងថា ភោជនីយដ្ឋានដ៏តូចមួយ នៅជិតសណ្ឋាគារមួយកន្លែង ក៏ត្រូវបានឆាបឆេះផងដែរ ដែលជំរុញឲ្យមានការជម្លៀសភ្ញៀវចេញសណ្ឋាគារជាបណ្តោះអាសន្ន។ តែយ៉ាងណាក្ដី នគរបាលបានប្រាប់ថា ក៏មិនមានអ្នករងរបួសត្រូវបានរាយការណ៍ដូចគ្នាដែរ នៅក្នុងហេតុការណ៍នោះ៕
