រដ្ឋមន្ត្រីការបរទេសទីក្រុងម៉ានីល នៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែមករា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសហ្វីលីពីនបានស្វាគមន៍ក្រុមនយោបាយ និងជនជាតិភាគតិចជាច្រើនមកពីសហភាពមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធា សម្រាប់ «កិច្ចប្រជុំភាគីពាក់ព័ន្ធ» ជាកិច្ចប្រឹងប្រែង ដើម្បីជំរុញដល់ផែនការសន្តិភាពដែលជាប់គាំងរបស់តំបន់។
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Theresa Lazaro ដែលបានចូលកាន់តំណែងក្នុងឆ្នាំ២០២៦ ជាបេសកជនពិសេសអាស៊ាន (ASEAN) សម្រាប់វិបត្តិនៅមីយ៉ាន់ម៉ាដែលហែកហួរដោយសង្គ្រាម មិនបានប្រាប់ឈ្មោះក្រុមដែលតំណាងទាំងនោះ ឬបញ្ជាក់ពេលវេលាដែលកិច្ចប្រជុំនេះបានកើតឡើងនោះទេ។

ដោយសំដៅទៅលើផែនការសន្តិភាពដែលបានព្រមព្រៀងគ្នា រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងមីយ៉ាន់ម៉ា ក្នុងឆ្នាំ២០២១ លោកស្រីបានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា៖ «ខ្ញុំបានជំរុញដល់ការចែករំលែកទស្សនៈរបស់ពួកគេ ប្រកបដោយភាពសកម្ម ការស្ថាបនា និងអត្ថន័យ ជុំវិញការអនុវត្តកុងសង់ស៊ីស ៥ចំណុចរបស់អាស៊ាន»។
លោកស្រី Lazaro បានបន្ថែមថា ការពិភាក្សាទាំងនេះ រួមមានការជំរុញការបន្ធូរបន្ថយភាពតានតឹង ការសម្របសម្រួលការផ្តល់ជំនួយ ការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន និងការជំរុញការសន្ទនានយោបាយ។
គួរបញ្ជាក់ថា សហភពមីយ៉ាន់ម៉ា ត្រូវបានរួបរឹតដោយជម្លោះ ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ បានបង្កឲ្យមានចលនាតវ៉ាដែលបានវិវត្តទៅជាសង្គ្រាមស៊ីវិល រវាងយោធា និងសម្ព័ន្ធនៃក្រុមឧទ្ទាមជាច្រើន៕

