សមាជិកនៃក្រុមសង្គមស៊ីវិលហ្វីលីពីន បានដាក់ពាក្យបណ្តឹងទម្លាក់តំណែងលោកប្រធានាធិបតី Ferdinand Marcos នៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែមករា ឆ្នាំ២០២៦) ដោយចោទប្រកាន់លោកថា បានកិបកេងប្រាក់បង់ពន្ធរាប់ពាន់លានដុល្លារ សម្រាប់គម្រោងគ្រប់គ្រងទឹកជំនន់ក្លែងក្លាយ។
កំហឹង ពាក់ព័ន្ធនឹងអ្វីដែលគេហៅថា គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្មោច បានកកើតឡើងអស់រយៈពេលជាច្រើនខែមកហើយ នៅក្នុងប្រទេសប្រជុំកោះដែលមានប្រជាជន ១១៦លាននាក់ ជាកន្លែងដែលទីក្រុងទាំងមូលជាច្រើន ត្រូវបានលិចលង់ក្នុងទឹកជំនន់ដែលបង្កឡើងដោយព្យុះទីហ្វុងដ៏ខ្លាំងក្លា កាលពីឆ្នាំកន្លងទៅ។

ការដាកពាក្យបណ្តឹង នាថ្ងៃព្រហស្បតិ៍នេះ ដែលគាំទ្រដោយប្លុក Makabayan ជាសម្ព័ន្ធភាពនៃបណ្ដាគណបក្សនយោបាយឆ្វេងនិយម បានចោទប្រកាន់លោក Marcos ពីបទក្បត់លើសេចក្ដីទុកចិត្តរបស់សាធារណជន ដោយបានវេចថវិកាជាតិ តាមរយៈគម្រោងជាច្រើន ដែលមានគោលបំណងបង្វែរមូលនិធិទៅឲ្យសម្ព័ន្ធមិត្ត។ អ្នកដាក់ញត្តិ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ច្បាប់ចម្លងនៃពាក្យបណ្តឹងនេះ ត្រូវបានដាក់នៅការិយាល័យអគ្គលេខាធិការនៃសភាតំណាងរាស្ត្រ «ស្របតាមច្បាប់សភា» ទោះបីជាមន្ត្រីរូបនោះ មិនមានវត្តមាន ដើម្បីទទួលវាដោយផ្ទាល់ខ្លួនក៏ដោយ។
សេចក្តីសង្ខេបនៃឯកសារបណ្ដឹងដែលសារព័ត៌មាន AFP បានឃើញ បានបង្ហាញថា លោកប្រធានាធិបតីបានបង្កើតយន្តការ ដើម្បីយកដោយខុសច្បាប់នូវថវិកាជាង ៥៤៥,៦ពាន់លានប៉េសូ (៩,២ពាន់លានដុល្លារ) ពីមូលនិធិគ្រប់គ្រងទឹកជំនន់ ដោយបញ្ជូនថវិកាទាំងនោះទៅក្នុងដៃបក្សពួក និងអ្នកម៉ៅការ ហើយបំលែងថវិកាសាធារណៈទៅជាការប្រើប្រាស់ផ្នែកនយោបាយ សម្រាប់ការបោះឆ្នោត(ពាក់កណ្តាលអាណត្តិ) ឆ្នាំ២០២៥»។
បណ្ដឹងនោះក៏ចោទលោកប្រធានាធិបតីផងដែរថា បានស្នើសុំប្រាក់ដោយខុសច្បាប់ដោយផ្ទាល់ ដែលនេះជាការចោទប្រកាន់ពឹងផ្អែកយ៉ាងខ្លាំងទៅលើការចោទប្រកាន់មិនទាន់ត្រូវបានអះអាង ដោយអតីតសមាជិកសភាម្នាក់ ដែលបានភៀសខ្លួនចេញពីប្រទេស ខណៈពេលកំពុងស្ថិតក្រោមការស៊ើបអង្កេត។
លោក Marcos បានកត់សម្គាល់ដដែលៗថា លោកគឺជាអ្នកដែលបានទាក់ទាញឲ្យចាប់អារម្មណ៍ ចំពោះគម្រោងខ្មោចនេះ ហើយបានអះអាងពីគុណសម្បត្តិ ក្នុងការជំរុញឲ្យមានការស៊ើបអង្កេត ដែលបានឃើញថា ម្ចាស់ក្រុមហ៊ុនសំណង់ មន្ត្រីរដ្ឋាភិបាល និងសមាជិកសភាជាច្រើនរូបជាប់ពាក់ព័ន្ធ៕
