ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Fars បានរាយការណ៍កាលពីថ្ងៃពុធថា កងកម្លាំងស៊ើបការណ៍សម្ងាត់ និងសន្តិសុខអ៊ីរ៉ង់ បានសម្លាប់មេដឹកនាំប្រតិបត្តិការនៃក្រុម «ភេរវករ» និងចាប់ខ្លួនសមាជិកចំនួន ១១នាក់របស់ខ្លួន នៅក្នុងប្រតិបត្តិការរួមគ្នាចំនួនបី នៅក្នុងខេត្ត Sistan និង Baluchestan ភាគអាគ្នេយ៍។

សារព័ត៌មាន Fars បានរាយការណ៍ថា លោក Golmohammad Shahouzehi ដែលជាមេក្លោង ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការដែលធ្វើឡើងដោយកងឆ្មាំបដិវត្តន៍ឥស្លាម ក៏ដូចជាអង្គការស៊ើបការណ៍សម្ងាត់ខេត្ត និងនគរបាល នៅជាយក្រុង Zahedan ដោយនិយាយថា អ្នកដែលត្រូវបានសម្លាប់ និងអ្នកដែលត្រូវបានចាប់ខ្លួន បានព្យាយាមធ្វើប្រតិបត្តិការ «ភេរវកម្ម» នៅក្នុងខេត្តទាំងនេះ។
របាយការណ៍របស់ Fars បានឲ្យដឹងថា អាវុធ និងគ្រាប់រំសេវ ក៏ត្រូវបានរឹបអូស ក្នុងអំឡុងពេលប្រតិបត្តិការផងដែរ ដោយពុំបានបញ្ជាក់កាលបរិច្ឆេទនៃប្រតិបត្តិការនេះទេ។
ខេត្ត Sistan និង Baluchestan ដែលមានព្រំប្រទល់ជាប់នឹងប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានឃើញការវាយប្រហារ «ភេរវកម្ម» ជាច្រើនលើក ទៅលើទាំងជនស៊ីវិល និងកងកម្លាំងសន្តិសុខ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕
