ការចាប់ផ្តើមដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតរបស់ពិភពលោកត្រូវបានផ្អាកនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងប្រទេសជប៉ុន រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយដំណើរការចាប់ផ្តើម ប៉ុន្តែម៉ាស៊ីនរ៉េអាក់ទ័រ មានស្ថិរភាពនៅឡើយទេ ។ នេះបើយោងតាមការអះអាងរបស់ប្រតិបត្តិកររបស់ពួកគេ ។
ប្រតិបត្តិការដើម្បីចាប់ផ្តើមឡើងវិញម៉ាស៊ីនរ៉េអាក់ទ័រនៅរោងចក្រ Kashiwazaki-Kariwa ស្ថិតក្នុងខេត្ត Niigata ដែលបានបិទចាប់តាំងពីគ្រោះមហន្តរាយ Fukushima ឆ្នាំ ២០១១នោះ បានចាប់ផ្តើមឡើងវិញកាលពីល្ងាចថ្ងៃពុធ ក្រោយទទួលបានភ្លើងខៀវចុងក្រោយពីនិយ័តករនុយក្លេអ៊ែរ បើទោះបីជា ទស្សនៈសាធារណៈជនមានបែងចែកគ្នាក៏ដោយ ។
លោក Takashi Kobayashi គឺជាអ្នកនាំពាក្យប្រតិបត្តិករក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូ(TEPCO) និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា សំឡេងរោទិ៍ពីប្រព័ន្ធត្រួតពិនិត្យ បានបន្លឺឡើង អំឡុងនីតិវិធីចាប់ផ្តើមម៉ាស៊ីនរ៉េអាក់ទ័រ ហើយប្រតិបត្តិការបច្ចុប្បន្នបានផ្អាកទៅវិញ ។

លោកនិយាយថា ម៉ាស៊ីនរ៉េអាក់ទ័រមានស្ថិរភាព ហើយគ្មានផលប៉ះពាល់វិទ្យុសកម្មចេញទៅខាងក្រៅនោះទេ ហើយបច្ចុប្បន្នប្រតិបត្តិករកំពុងស៊ើបអង្កេតលើមូលហេតុដែលនាំឲ្យកើតមានឧបទ្ទេវហេតុមួយនេះ ។
សូមបញ្ជាក់ថា ការចាប់ផ្តើមឡើងវិញម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ត្រូវបានពន្យាពេលនៅថ្ងៃអង្គារ ពេលដែលក្រុមហ៊ុន TEPCO ស៊ើបអង្កេតដំណើរការខុសប្រក្រតី ។ មកទល់នឹងព្រឹកថ្ងៃពុធ បញ្ហានោះ បានដំណើរការធម្មតាវិញហើយ ។
ម៉ាស៊ីនរ៉េអាក់ទ័រលេខ ៦ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមឡើងវិញប្រតិបត្តិការពាណិជ្ជកម្ម ដើម្បីបង្កើនការផ្គត់ផ្គង់ថាមពលនៅក្នុងទីក្រុងតូក្យូ ដែលជាទីក្រុងដ៏មមាញឹកបំផុតរបស់ជប៉ុន នៅដំណាច់ខែកុម្ភៈខាងមុខ ។
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Sanae Takaichi កំពុងជំរុញការបង្កើតម៉ាស៊ីនរ៉េអាក់ទ័រថ្មី ជាពិសេសម៉ាស៊ីនរ៉េអាក់ទ័រជំនាន់ថ្មីមានម៉ូឌុលតូច SMR ក្នុងនោះកាលពីពេលកន្លងទៅ រដ្ឋាភិបាលលោកស្រីបានប្រកាសគម្រោងផ្តល់មូលនិធិសាធារណៈថ្មី ដើម្បីពន្លឿនការវិលត្រឡប់មករកថាមពលនុយក្លេអ៊ែរវិញ របស់ជប៉ុន ៕
