នាយករដ្ឋមន្ត្រីដាណឺម៉ាក នៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែមករា ឆ្នាំ២០២៦) នេះ បានទទូចថា ប្រទេសរបស់លោកស្រី មិនអាចចរចាបានឡើយ ជុំវិញអធិបតេយ្យភាពរបស់ខ្លួន បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកបានយល់ស្របលើ «ក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនាពេលអនាគត» ស្តីពីសន្តិសុខតំបន់អាក់ទិកជាមួយប្រមុខអង្គការណាតូ (NATO) ហើយបានបញ្ជាក់ថា លោកស្រីត្រូវបាន «ជូនដំណឹងថា ករណីនេះមិនបានកើតឡើងឡើយ»។

លោក Trump កាលពីថ្ងៃពុធ បានលុបចោលការដំឡើងពន្ធដែលលោកបានគំរាមដាក់លើប្រទេសអឺរ៉ុបចំនួន ៨ ភ្លាមៗ ដើម្បីជំរុញឲ្យមានការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកលើកោះ Greenland ដែលជាទឹកដីពាក់កណ្តាលស្វយ័តរបស់សម្ព័ន្ធមិត្តក្នុងអង្គការណាតូ គឺប្រទេសដាណឺម៉ាក។ វាគឺជាកែប្រែយ៉ាងខ្លាំងភ្លាមៗ បន្ទាប់ពីលោកបានទទូចថា លោកចង់កាន់កាប់កោះនេះ «ដែលរួមមានទាំងសិទ្ធិ កម្មសិទ្ធិ និងភាពជាម្ចាស់»។
លោកបាននិយាយថា «ការពិភាក្សាបន្ថែម» ជុំវិញបញ្ហា Greenland កំពុងត្រូវបានធ្វើឡើង ទាក់ទងនឹងកម្មវិធីការពារមីស៊ីល Golden Dome ជាប្រព័ន្ធពហុស្រទាប់មានតម្លៃ ១៧៥ពាន់លានដុល្លារ ដែលជាលើកដំបូង នឹងដាក់អាវុធរបស់សហរដ្ឋអាមេរិកនៅក្នុងលំហ។ លោក Trump បានផ្តល់ព័ត៌មានលម្អិតមួយចំនួន ដោយប្រាប់ថា ករណីទាំងនោះនៅតែកំពុងត្រូវបានដោះស្រាយ។
តែយ៉ាងណាក្ដី នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃព្រហស្បតិ៍នេះថា សន្តិសុខនៅតំបន់អាក់ទិក គឺជាបញ្ហារបស់អង្គការណាតូទាំងមូល ហើយវាគឺជារឿង «ល្អ និងសមស្រប» ដែលវាត្រូវបានពិភាក្សា រវាងប្រធានាធិបតីអាមេរិក និងអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte។ លោកស្រីបានបន្ថែមថា លោកស្រីបានជជែកជាមួយលោក Rutte «ជាបន្តបន្ទាប់» រួមទាំងមុន និងក្រោយពេលលោកបានជួបជាមួយលោក Trump នៅទីក្រុង Davos ប្រទេសស្វីស។
លោកស្រីបានសរសេរថា អង្គការណាតូដឹងយ៉ាងច្បាស់ អំពីជំហររបស់ព្រះរាជាណាចក្រដាណឺម៉ាកថា អ្វីៗដែលទាក់ទងនឹងនយោបាយ អាចត្រូវបានចរចា រួមទាំងបញ្ហាសន្តិសុខ ការវិនិយោគ និងសេដ្ឋកិច្ច «ប៉ុន្តែយើងមិនអាចចរចាលើអធិបតេយ្យភាពរបស់យើងបានទេ»៕
