រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Yvette Cooper បាននិយាយថា ចក្រភពអង់គ្លេសមិនចូលរួមនោះទេ ក្នុងពិធីចុះហត្ថលេខានាថ្ងៃព្រហស្បតិ៍ (ទី២២ ខែមករា ឆ្នាំ២០២៦) នេះ សម្រាប់ «ក្រុមប្រឹក្សាសន្តិភាព» របស់ប្រធានាធិបតីអាមេរិក Donald Trump នៅទីក្រុង Davos ប្រទេសស្វីស។
លោក Trump ធ្វើជាអ្នកទទួលស្វាគន៍នៃពិធីនៅទីក្រុង Davos សម្រាប់ធម្មនុញ្ញស្ថាបនិកនៃស្ថាប័នរបស់លោក ដែលត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយជម្លោះអន្តរជាតិ ដែលមានតម្លៃ ១ពាន់លានដុល្លារអាមេរិក សម្រាប់សមាជិកភាពអចិន្ត្រៃយ៍។

ស្របពេលមានក្ដីព្រួយបារម្ភរបស់ចក្រភពអង់គ្លេស អំពីការរួមបញ្ចូលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលកងកម្លាំងរបស់លោកនៅតែប្រយុទ្ធនៅអ៊ុយក្រែន បន្ទាប់ពីបានចូលឈ្លានពាននៅឆ្នាំ២០២២ លោកស្រី Cooper បានប្រាប់ទូរទស្សន៍ BBC ពីទីក្រុងតំបន់ភ្នំរបស់ស្វីសនេះថា៖ «មានការងារជាច្រើនដែលត្រូវធ្វើ។ យើងនឹងមិនមែនជាអ្នកចុះហត្ថលេខាម្នាក់នៅថ្ងៃនេះទេ»។
លោកស្រីបានបន្ថែមថា៖ «ដោយសារតែនេះ គឺពាក់ព័ន្ធនឹងសន្ធិសញ្ញាផ្លូវច្បាប់ដែលលើកឡើងនូវបញ្ហាយ៉ាងទូលំទូលាយជាងនេះ ហើយយើងក៏មានក្ដីបារម្ភ អំពីវត្តមានរបស់លោកប្រធានាធិបតី Putin ដែលជាផ្នែកមួយនៃអ្វីដែលកំពុងជជែកអំពីសន្តិភាព នៅពេលដែលយើងនៅតែមិនទាន់ឃើញសញ្ញាណាមួយ ពីលោក Putin ដែលថា នឹងមានការប្តេជ្ញាចិត្ត ចំពោះសន្តិភាព នៅអ៊ុយក្រែន»។
លោក Trump បាននិយាយកាលពីថ្ងៃទី២១ ខែមករាថា លោក Putin បានទទួលយកការអញ្ជើញឲ្យចូលរួមគំនិតផ្តួចផ្តើមរបស់ក្រុមប្រឹក្សាសន្តិភាពនេះ ទោះបីជាវិមានក្រឹមឡាំង បានបញ្ជាក់ថា ខ្លួននៅតែកំពុងសិក្សា អំពីការអញ្ជើញនេះក៏ដោយ៕
