អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែមករា ឆ្នាំ២០២៦) នេះ បានស្វាគមន៍ ចំពោះការផ្លាស់ប្តូរវោហាសាស្ត្ររបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ជុំវិញបញ្ហាកោះ Greenland ហើយបានជំរុញឲ្យបណ្ដាប្រទេសអឺរ៉ុបកុំអាលប្រញាប់ប្រញាល់ពេក ក្នុងការបោះបង់ភាពជាដៃគូឆ្លងមហាសមុទ្រអាត្លង់ទិក។

លោក Merz កំពុងថ្លែងទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ប្រទេសស្វីស ពោលគឺមួយថ្ងៃបន្ទាប់ពីលោក Trump ភ្លាមៗបានដកចេញនូវការគំរាមកំហែងដំឡើងពន្ធ ដែលត្រូវបានប្រើជាឥទ្ធិពល ដើម្បីដណ្តើមគ្រប់គ្រងលើដែនដី Greenland និងបានច្រានចោលការប្រើប្រាស់កម្លាំង។
ការគំរាមកំហែងរបស់សហរដ្ឋអាមេរិក បានបង្កជាហានិភ័យនាំឲ្យមានការបែកបាក់គ្នាកាន់តែជ្រៅទៅៗ នៅក្នុងទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក ដែលលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍ និងសង្គ្រាមពាណិជ្ជកម្មសកល។
នៅក្នុងសុន្ទរកថាដ៏ទូលំទូលាយមួយដែលគ្របដណ្តប់លើសន្តិសុខសកល និងការប្រកួតប្រជែងរបស់អឺរ៉ុប លោក Merz បានលើកឡើងថា៖ «ទោះបីជាមានបញ្ហាជាច្រើនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះក៏ដោយ ក៏សូមកុំអាលប្រញាប់ប្រញាល់ពេក ក្នុងការបោះបង់ភាពជាដៃគូឆ្លងមហាសមុទ្រអាត្លង់ទិក»។
លោកបានបញ្ជាក់ថា៖ «យើងជាជនជាតិអឺរ៉ុប យើងជាជនជាតិអាល្លឺម៉ង់ ដឹងច្បាស់ថា តើការជឿទុកចិត្តដែលអង្គការណាតូ (NATO) ពឹងផ្អែកលើ មានតម្លៃកម្រិតណា។ នៅក្នុងយុគសម័យនៃការដណ្ដើមឥទ្ធិពលអំណាច សហរដ្ឋអាមេរិកក៏នឹងពឹងផ្អែកលើការជឿទុកចិត្តនេះដែរ។ វាគឺជាអត្ថប្រយោជន៍ប្រកួតប្រជែងដ៏សំខាន់ទាំងរបស់ពួកគេ និងពួកយើង។
លោកបានបន្ថែមថា អឺរ៉ុប និងសហរដ្ឋអាមេរិកត្រូវតែជួសជុលការជឿទុកចិត្ត ដែលសម្ព័ន្ធភាពឆ្លងមហាសមុទ្រអាត្លង់ទិក ពឹងផ្អែកលើ៕

