នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមការងារជួយសង្រ្គោះនៅតំបន់ភាគខាងជើងណូវែលសេឡង់ បានព្យាយាមស្វែងរកមនុស្សបាត់ខ្លួនជាច្រើននាក់ ក្រោយបំណាក់ដីបាក់សង្កត់លើទីតាំងជំរំ ដែលបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំង ។
មនុស្សត្រូវបានជម្លៀស ផ្លូវបានបិទ ស្របពេលភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារតំបន់ជាច្រើននៅកោះ North Island ។ ភ្លៀងធ្លាក់ខ្លាំងនេះ បង្កឲ្យមានការខូចខាតទ្រង់ទ្រាយធំ និងបណ្តាយឲ្យមនុស្សរាប់ពាន់គ្រួសារគ្មានថាមពលប្រើប្រាស់ ។

បំណាក់ដី បានកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទីព្រឹក ម៉ោងក្នុងស្រុក ថ្ងៃពុធ ធ្វើឲ្យដីបាក់សង្កត់លើទីតាំងជំរំ ស្ថិតនៅលើភ្នំ Maunganui ដែលជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ ស្ថិតនៅតាមតំបន់ឆ្នេរភាគខាងជើងប្រទេសណូវែលសេឡង់ ។
ក្រុមសេវាកម្មសង្រ្គោះបន្ទាន់ កំពុងព្យាយាមកំណត់ទីតាំងមនុស្សបាត់ខ្លួន ក្នុងនោះ ស្នងការនគរបាលណូវែលសេឡង់លោក Tim Andersonនិយាយថា លទ្ធភាពនៅមានក្នុងការស្វែងរកឃើញអ្នកនៅរស់ ។
ទីភ្នាក់ងារព្យាករឧតុនិយមណូវែលសេឡង់(MetService) បានដកចេញការព្រមានអាកាសធាតុទាំងអស់នៅកោះ North Island ស្របពេលស្ថានភាពអាកាសធាតុត្រូពិកធ្វើដំណើរទៅទិសខាងកើត ប៉ុន្តែការព្រមានមួយចំនួន នៅមាននឹងកន្លែងលើកោះ South Island ៕
