នាវាដឹកប្រេង Galileo ដែលកាលពីមុនគេស្គាល់ថាជានាវាដឹកប្រេង Veronica និងនាវាដឹកប្រេង M Sophia ដែលត្រូវបានរឹបអូសដោយសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញបោះយុថ្កានៅជិតតំបន់ឆ្នេរទីក្រុង Ponce ដែនដីព័រតូរីកូ កាលពីថ្ងៃពុធ ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានផ្តោតសំខាន់គោលនយោបាយបរទេសរបស់លោកនៅអាមេរិកឡាទីន លើប្រទេសវេណេស៊ុយអេឡា ដែលកាលពីដំបូងមានគោលបំណងធ្វើឲ្យប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro ធ្លាក់ចេញពីអំណាច ។

បន្ទាប់ពីមិនអាចស្វែងរកដំណោះស្រាយការទូត លោក Trump បានបញ្ជាឲ្យកងកម្លាំងសហរដ្ឋអាមេរិកហោះចូលប្រទេសមួយនេះ ដើម្បីចាប់ខ្លួនគាត់ ហើយនិងភរិយារបស់គាត់ អំឡុងការវាយឆ្មក់ពេលយប់ដ៏អង់អាចក្លាហានមួយ កាលពីថ្ងៃទី ៣ ខែមករា កន្លងទៅ ។
ចាប់តាំងពីពេលនោះមក លោក Trump និយាយថា សហរដ្ឋអាមេរិកមានផែនការគ្រប់គ្រងធនធានប្រេងវេណេស៊ុយអេឡា ស្របពេលដែលពួកគេព្យាយាមបង្កើតឧស្សាហកម្មប្រេងប្រទេសមួយនេះឡើងវិញ ក្នុងផែនការតម្លៃ ១០០ពាន់លានដុល្លារ ។
នាវាដែលត្រូវបានស្កាត់ចាប់កាលពីមុន គឺជានាវាដែលស្ថិតនៅក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ឬជាផ្នែកមួយនៃកងនាវាស្រមោល ដែលក្លែងបន្លំប្រភពដើមរបស់ខ្លួន ដើម្បីដឹកប្រេងពីប្រទេសផលិតប្រេងធំៗរងទណ្ឌកម្ម ដូចជាប្រទេសអ៊ីរ៉ង់ រុស្ស៊ី ឬវេណេស៊ុយអេឡា ៕
