មេបញ្ជាការកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) នៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែមករា ឆ្នាំ២០២៦) នេះ បានព្រមានអ៊ីស្រាអែល និងសហរដ្ឋអាមេរិក កុំឲ្យ «ប៉ាន់ស្មានខុស» បន្ទាប់ពីមានមហាបាតុកម្ម នៅក្នុងប្រទេស ដោយបញ្ជាក់ថា កងកម្លាំងរបស់ខ្លួន «ដាក់ម្រាមដៃត្រៀមកេះកៃរួចហើយ» ពោលគឺត្រៀមខ្លួនតបតភ្លាមៗមួយរំពេច។
ប្រធានាធិបតីអាមេរិក Donald Trump មិនបានដកចេញនោះឡើយនូវការមានវិធានការយោធាថ្មី ប្រឆាំងនឹងសាធារណរដ្ឋឥស្លាម បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានគាំទ្រ និងចូលរួមក្នុងសង្គ្រាមរបស់អ៊ីស្រាអែលរយៈពេល ១២ថ្ងៃ កាលពីខែមិថុនាឆ្នាំមុន។
ហើយជាមួយគ្នានេះ ការតវ៉ារយៈពេល ២សប្តាហ៍ ដែលបានចាប់ផ្តើមនៅចុងខែធ្នូឆ្នាំកន្លងទៅ បានធ្វើឲ្យង្គោះរង្គើដល់ថ្នាក់ដឹកនាំសាសនា ក្រោមការគ្រប់គ្រងរបស់មេដឹកនាំកំពូល លោក Ali Khamenei ប៉ុន្តែចលនានេះ បានបាត់បន្តិចម្ដងៗ ដោយសារការបង្ក្រាបដែលសកម្មជនឲ្យដឹងថា បានបណ្ដាលឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត។

មេបញ្ជាការ IRGC លោកឧត្តមសេនីយ៍ Mohammad Pakpour បានព្រមានអ៊ីស្រាអែល និងសហរដ្ឋអាមេរិក «ឲ្យជៀសវាងការប៉ាន់ស្មានខុសណាមួយ ដោយរៀនសូត្រពីបទពិសោធន៍ប្រវត្តិសាស្ត្រ និងអ្វីដែលពួកគេបានរៀនសូត្រនៅក្នុងសង្គ្រាម ១២ថ្ងៃ ដើម្បីកុំឲ្យពួកគេប្រឈមមុខនឹងជោគវាសនាដ៏ឈឺចាប់ និងគួរឲ្យសោកស្ដាយជាងនេះ»។
ដោយសំដៅទៅលើលោក Khamenei លោក Pakpour បានសង្កត់ធ្ងន់ថា៖ «កងឆ្មាំបដិវត្តន៍ឥស្លាម និងអ៊ីរ៉ង់ដ៏ស្មោះស្ម័គ្រ បានរៀបចំត្រៀមខ្លួនរួចជាស្រេចក្នុងកម្រិតខ្ពស់ជាងពេលណាៗទាំងអស់ ដើម្បីអនុវត្តតាមបទបញ្ជា និងវិធានការរបស់អគ្គមេបញ្ជាការកំពូល គឺមេដឹកនាំដ៏មានតម្លៃជាងជីវិតរបស់ពួកគេ»៕
