
ទាហានមានក្រមាបង់ក. ដោះកាំភ្លើង AK-47 ចេញពីស្មារួចដាក់លើដី ខណៈមេបញ្ជាការរបស់ពួកគេឈរមើល ពេលដែលពួកគេក្លាយខ្លួនជាយុទ្ធជនវ័យក្មេង Peshmerga(អ្នកប្រឈមសេចក្តីស្លាប់) ។ លោកមេបញ្ជាការ Karim Farkhapur និយាយថា ពួកគេសុទ្ធសឹងជាយុទ្ធជនថ្មីថ្មោង ។
លោក Farkhapur ស្ថិតនៅក្នុងចំណោមមេដឹកនាំរបស់គណបក្សប្រជាធិបតេយ្យឃឺដ-អ៊ីរ៉ង់(KDPI)ដែលជាក្រុមឧទ្ទាមឃឺដអ៊ីរ៉ង់វ័យចំណាស់បំផុត និងធំបំផុត ។ លោកនិយាយថា ពួកយើងបានជួបក្រុមយុទ្ធជនវ័យក្មេងទាំងនេះ នៅជំរំរបស់ពួកគេនៅលើភ្នំ ស្ថិតនៅភាគឦសានអ៊ីរ៉ង់ ដែលមានចម្ងាយប្រហែល ២១គ.មភាគខាងលិចព្រំដែនអ៊ីរ៉ង់ ។
ចាប់តាំងពីឆ្នាំ ១៩៤៥រហូតមក គណបក្ស KDPI បានធ្វើសង្រ្គាមទាមទារសិទ្ធិសេរីភាពរបស់ជនជាតិឃឺដអ៊ីរ៉ង់ដែលមានចំនួនប្រហែល ១០ភាគរយនៃពលរដ្ឋអ៊ីរ៉ង់ ។ ដំបូងឡើយ ពួកគេបានប្រយុទ្ធជាមួយរាជាណាចក្រ Shah of Iran ហើយក្រោយពីបដិវត្តន៍ឆ្នាំ ១៩៧៩ ពួកគេបានចាប់ផ្តើមការតស៊ូអស់រយៈពេលច្រើនទសវត្សរ៍ ប្រឆាំងក្រុមគ្រប់គ្រងសាសនានិយមនៅទីក្រុងតេអេរ៉ង់ ។
គណបក្ស KDPI ស្ថិតក្នុងចំណោមក្រុមឧទ្ទាមជាច្រើនទៀតដែលប្រឆាំងរបបអ៊ីរ៉ង់ ។ ក្រុមជនជាតិភាគតិច Baluch នៅភាគខាងកើតអ៊ីរ៉ង់ ក្រុមជនជាតិឃឺដនៅភាគខាងលិចអ៊ីរ៉ង់ និងក្រុមអារ៉ាប់នៅភាគនិរតីអ៊ីរ៉ង់ បានតស៊ូជាយូរមកហើយ ដើម្បីស្វ័យភាព ឬឯករាជ្យភាពរបស់ពួកគេ បន្ថែមពីលើក្រុមដទៃទៀតដែលបានប្រឆាំងសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ ។ ភាគច្រើននៃក្រុមទាំងអស់នេះ ត្រូវបានគាំទ្រទាំងផ្នែកសម្ភារៈ និងផ្នែកនយោបាយដោយប្រទេសខាងក្រៅ ។
សម្រាប់ជនជាតិឃឺដមួយចំនួន រលកនៃបាតុកម្មដែលបានចាប់ផ្តើមកាលពីខែមុន បានធ្វើឲ្យពួកគេមានក្តីសង្ឃឹមឡើងវិញ ក្រោយការគ្រប់គ្រងបែបសាសនានិយមអស់រយៈពេល ៤៧ឆ្នាំ ដែលជាសញ្ញាមួយនៃការបញ្ចប់របស់សាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ ។
លោក Mustafa Hijri គឺជាមេដឹកនាំរបស់គណបក្ស KDPI និយាយថា របបមួយនេះ កំពុងទន់ខ្សោយជារៀងរាល់ថ្ងៃ ហើយភាពទន់ខ្សោយរបស់ពួកគេ នឹងផ្តល់ចន្លោះប្រហោងកាន់តែច្រើនសម្រាប់ពួកយើង ហើយនិងគណបក្សស្រលាញ់សេរីភាពផ្សេងទៀត ដើម្បីពង្រឹងការប្រយុទ្ធរបស់ពួកគេប្រឆំាងនឹងរបបមួយនេះ ។ លោកអះអាងទៀតថា គណបក្សរបស់លោកមានមនុស្សកាន់តែច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ជាងប្រទេសណាៗទាំងអស់ ហើយពួកគេគឺជាតួអង្គសំខាន់ ក្នុងការគាំទ្របាតុកម្មកាលពីពេលថ្មីៗនេះ ជាពិសេសនៅតាមបណ្តាលខេត្តភាគខាងលិចប្រទេសអ៊ីរ៉ង់ ៕