ភ្នំពេញ ៖ ហ្វេសប៊ុករបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានផ្សព្វផ្សាយឱ្យដឹងថា នៅថ្ងៃទី១១ ខែមីនា រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៨១៧,៧៥៦ ដុល្លារអាម៉េរិក ដល់អង្គភាពទទួលជំនួយចំនួ នពីរ ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ ក្នុងនោះ ថវិកាចំនួន ១២០,៤៦១ ដុល្លារ ត្រូវបានផ្តល់ទៅអង្គការមិនរកប្រាក់ចំណេញ Nature Center Risen ដើម្បីអនុវត្ត គម្រោងការសម្រេចឱ្យបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាពរបស់ប្រជាពលរដ្ឋកម្ពុជាតាមរយៈការលើកកម្ពស់ និងអប់រំការយល់ដឹងអំពីបញ្ហាបរិស្ថាន ហើយថវិកាចំនួន ៦៩៧,២៩៥ ដុល្លារទៀត ត្រូវបានផ្តល់ទៅអង្គការ Save the Children Japan (SCJ) ដើម្បីអនុវត្តគ ម្រោងលុបបំបាត់អំពើហិង្សាលើកុមារនៅតាមសាលារៀនក្នុងខេត្តកំពង់ចាម។
ប្រភពដដែលបន្តថា ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងមកពីអង្គការទាំងពីរ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ ហើយឯកឧត្តមបានថ្លែងអំណរគុណចំពោះអង្គការទាំងពីរដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលជប៉ុន។ ខណៈដែលគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការខ្នាតធំ ដូចជាគម្រោងកំពង់ផែក្រុងព្រះសីហនុ គម្រោងផ្លូវជាតិលេខ៥ និងកម្ចីហិរញ្ញប្បទានចំនួនម្ភៃពាន់លានយេនសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជារឿយៗត្រូវបានផ្តោតសំខាន់នៅលើប្រព័ន្ធផ្សព្វផ្សាយ វានៅតែជាអាទិភាពមួយសម្រាប់រដ្ឋាភិបាលជប៉ុនក្នុងការធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដើម្បីចូលរួមចំណែកក្នុងការកែលម្អគុណភាពជីវិតនៅក្នុងបណ្តាខេត្តនានា។
ប្រភពដដែលបន្ថែមដោយសង្កត់ធ្ងន់ថា យើងជឿជាក់ថា ជំនួយឥតសំណងទាំងនេះ នឹងជួយពង្រឹងគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ៕ដោយ៖ គង់ ឌិន






