ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២២ មករា) ថា សហរដ្ឋអាមេរិក មាន «កងនាវាចម្បាំងទ្រង់ទ្រាយធំ» មួយក្រុម ដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ ប៉ុន្តែលោកសង្ឃឹមថា នឹងមិនចាំបាច់ប្រើប្រាស់កងនាវាចម្បាំងនេះទៅចុះ ខណៈលោកបានព្រមានខ្លាំងៗជាថ្មីដល់ទីក្រុងតេអេរ៉ង់ ប្រឆាំងនឹងការសម្លាប់ក្រុមបាតុករ ឬក៏ការចាប់ផ្តើមកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ។

ប្រភពពីក្រុមមន្ត្រីអាមេរិក បាននិយាយថា នាវាផ្ទុកយន្តហោះ USS Abraham Lincoln ដ៏ធំសម្បើម និងនាវាពិឃាតមីស៊ីលប្រើប្រព័ន្ធទូរបញ្ចាជាច្រើនគ្រឿង នឹងទៅដល់មជ្ឈិមបូព៌ាក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ មន្ត្រីម្នាក់បាននិយាយថា ប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត ក៏កំពុងស្ថិតក្នុងការពិចារណា សម្រាប់បញ្ជូនទៅមជ្ឈិមបូព៌ាផងដែរ ដែលអាចមានសារៈសំខាន់ក្នុងការការពារប្រឆាំងនឹងការវាយប្រហារណាមួយរបស់អ៊ីរ៉ង់ លើមូលដ្ឋានទ័ពអាមេរិក ក្នុងតំបន់។
ការដាក់ពង្រាយទ្រព្យសម្បត្តិយោធាដ៏មហិមានេះ បានពង្រីកជម្រើសសម្រាប់លោក Trump ព្រមទាំងការការពារកងកម្លាំងអាមេរិកឱ្យកាន់តែប្រសើរឡើងទូទាំងតំបន់ក្នុងពេលភាពតានតឹង និងដើម្បីចាត់វិធានការយោធាបន្ថែមណាមួយ បន្ទាប់ពីការវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ នៅខែមិថុនា ឆ្នាំមុន។

ថ្លែងប្រាប់អ្នកយកព័ត៌មានលើយន្តហោះ Air Force One ក្នុងដំណើរត្រឡប់ទៅសហរដ្ឋអាមេរិកវិញពីប្រទេសស្វីស លោក Trump បាននិយាយថា៖ «សហរដ្ឋអាមេរិក មាននាវាជាច្រើនគ្រឿងកំពុងធ្វើដំណើរទៅទិសដៅនោះ ត្រៀមទុកក្នុងករណីណាមួយ... លោកមិនចង់ឱ្យមានរឿងកើតឡើងទេ តែអាមេរិក កំពុងតាមដានយ៉ាងដិតដល់»។ លោកបន្តថា៖ «អាមេរិក មានកងនាវាចម្បាំងដ៏ធំមួយក្រុម…កំពុងឆ្ពោះទៅទិសដៅនោះ» ប៉ុន្តែបន្ថែមថា «អាមេរិកប្រហែលជានឹងមិនចាំបាច់ប្រើកម្លាំងនេះនោះទេ»៕

