ក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង នឹងមិនមានកម្មវិធីប្រកួតនោះទេ នាចុងសប្ដាហ៍នេះ តែបេក្ខភាព ១០ក្រុមផ្សេងទៀត នឹងត្រូវធ្វើការប្រកួតធម្មតា ពិសេសក្រុមកំពូលតារាងទាំង ៦(Top-6) ដែលភាគច្រើនត្រូវជួបគ្នា ក្នុងសប្ដាហ៍ទី១៨ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦។

សម្រាប់កម្មវិធីជុំទី២ នាថ្ងៃទី២៤ ខែមករាស្អែកនេះ គឺមាន ២គូ ដោយក្រុមកងយោធពលខេមរភូមិន្ទ ត្រូវបើកទ្វារកីឡដ្ឋានស្ដាតចាស់ ទទួលក្រុមកំពុងឡើងជើង អឹមអូអាយ កំពង់ដេវ៉ា និងក្រុម ISI ដង្កោសែនជ័៧ ត្រូវធ្វើដំណើរទៅតតាំងជាមួយក្រុមឡាយហ្វខេត្តព្រះសីហនុ នាទឹកដីកំពង់សោម។
ក្នុងចំណោម ២ប្រកួតនេះដែរ អ្នកគាំទ្របានផ្ដោតការចាប់អារម្មណ៍ជាពិសេស ចំពោះជំនួបរវាងកងយោធពលខេមរភូមិន្ទ និង អឹមអូអាយ កំពង់ដេវ៉ា ដ្បិតកាលពីជើងទី១ ក្រុមទាំងពីរ បានស្មើគ្នា ០-០។ ប៉ុន្ដែជំនួបជើងទី២ ក្រុមទាំងពីរ កំពុងស្រេកឃ្លាននូវជ័យជម្នះ ពិសេស អឹមអូអាយ កំពង់ដេវ៉ា ដែលត្រូវការ ៣ពិន្ទុ ដើម្បីរក្សាឱកាសប្រជែងកៅអី Top-6។
ដោយឡែកនៅថ្ងៃទី២៥ ខែមករាវិញ សុទ្ធសឹងជាគូជក់ចិត្ត ក្នុងនោះបេក្ខភាព Top-6 ៤ក្រុមត្រូវជួបគ្នា ដោយបឹងកេត ត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមអង្គរថាយហ្គឺរវិញម្ដង ក្រោយចាញ់ក្រៅដី ៣-០ កាលពីជើងទី១ ស្របពេលក្រុមណាហ្គាវើលដ៏ ត្រូវជួបម្ចាស់ផ្ទះវិសាខា បន្ទាប់ពីប្រកួតស្មើគ្នា ២-២ កាលពីជើងទី១ នៅទឹកដីខេត្តកំពង់ស្ពឺ។ រីឯ ១គូទៀត គឺភ្នំពេញក្រោន ត្រូវបើកទ្វារផ្ទះទទួលក្រុមភ្ញៀវគិរីវង់សុខសែនជ័យ នាវេលាម៉ោង ៦ល្ងាចដំណាលគ្នា។
បច្ចុប្បន្នភ្នំពេញក្រោន កំពុងឈរលេខ២ មាន ៣៤ពិន្ទុ តាមពីក្រោយព្រះខ័នរាជស្វាយរៀង ៥ពិន្ទុ តែសល់ ១ប្រកួតក្នុងដៃ គ្រាដែលណាហ្គាវើលដ៏ ឈរលេខ៣ មាន ២៨ពិន្ទុស្មើបឹងកេត ដែលឈរលេខ៤ គ្រាដែលអង្គរថាយហ្គឺរ មាន ២៤ពិន្ទុ ឈរលេខ៥ ស្មើវិសាខា ដែលឈរលេខ៦។ ផ្អែកលើលទ្ធផលបណ្ដោះអាសន្ននេះ ក្រុមនីមួយៗ សុទ្ធតែត្រូវការពិន្ទុ ដើម្បីរក្សាកៅអី Top-6 ក៏ដូចជាបង្កើនឱកាសប្រជែងពាន ពិសេសអង្គរថាយហ្គឺរ និងវិសាខា ដែលកំពុងស្ថិតក្នុងតំណែង Top-6 ទាំងប្រផិតប្រផើយនៅឡើយ។
តាមរយនេះ អ្នកគាំទ្ររំពឹងថា ការប្រកួតលីគកំពូលកម្ពុជា នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ នឹងសមរភូមិប្រយុទ្ធលើវាលស្មៅដ៏ជក់ចិត្ត ពិសេសជំនួបរវាងបេក្ខភាពក្រុម Top-6 តែម្ដង៕ អត្ថបទ លី ឈុនឡា

