នាយករដ្ឋមន្ត្រីហ្គ្រីនលែន បាននិយាយថា អធិបតេយ្យភាពនៃកោះអាកទិកគឺជា «ខ្សែបន្ទាត់ក្រហម» មិនយូរប៉ុន្មានបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថានឹងធានាបាននូវការចូលប្រើប្រាស់ពេញលេញទៅកាន់ទឹកដីនេះ ក្រោមក្របខណ្ឌដែលបានព្រមព្រៀងជាមួយប្រមុខអង្គការណាតូ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅរដ្ឋធានី Nuuk របស់ដែនដីហ្គ្រីនលែន(Greenland) កាលពីថ្ងៃព្រហស្បតិ៍ ២២មករាសប្ដាហ៍នេះ លោក Jens-Frederik Nielsen នាយករដ្ឋមន្ត្រីកោះនេះ បាននិយាយថា លោកនៅតែមិនទាន់ដឹងច្បាស់អំពីទិដ្ឋភាពជាច្រើននៃកិច្ចព្រមព្រៀង ដែលសម្រេចបានមួយថ្ងៃមុននេះអំឡុងពេលចរចារវាងលោក Trump និងប្រធានអង្គការណាតូ លោក Mark Rutte។
លោក Nielsen បាននិយាយថា រូបលោកមិនដឹងថាមានអ្វីនៅក្នុងកិច្ចព្រមព្រៀង ឬការព្រមព្រៀងនេះ អំពីដែនដីរបស់លោកទេ។

លោកបានបន្ថែមថា ពួកលោកត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីរឿងជាច្រើន ហើយពួកលោកត្រៀមខ្លួនរួចជាស្រេចដើម្បីចរចាភាពជាដៃគូកាន់តែប្រសើរ និងអ្វីៗផ្សេងទៀត។ ប៉ុន្តែអធិបតេយ្យភាពគឺជាបន្ទាត់ក្រហម នៅពេលសួរអំពីរបាយការណ៍ដែលថា លោក Trump កំពុងស្វែងរកការគ្រប់គ្រងតំបន់ជុំវិញមូលដ្ឋានយោធាអាមេរិកនៅហ្គ្រីនលែន ជាផ្នែកមួយនៃកិច្ចព្រមព្រៀងទូលំទូលាយជាងនេះ។លោកថាពួកលោកមិនអាចឆ្លងកាត់ខ្សែបន្ទាត់ក្រហមបានទេ។ពួកលោកត្រូវតែគោរពបូរណភាពទឹកដីរបស់ខ្លួន។ ពួកលោកត្រូវតែគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាព។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក Trump បានបង្កើនការគំរាមកំហែងរបស់លោកក្នុងការដណ្តើមយកកោះ Greenland ដែលជាទឹកដីពាក់កណ្តាលស្វយ័តរបស់ដាណឺម៉ាក ដោយអះអាងថាវាចាំបាច់ដើម្បីការពារផលប្រយោជន៍សន្តិសុខជាតិរបស់អាមេរិក និងទប់ស្កាត់ការគ្រប់គ្រងពីប្រទេសចិន ឬរុស្ស៊ីនៅក្នុងតំបន់អាកទិកមួយនេះ ៕
