រដ្ឋាភិបាលស៊ីរីបានដណ្តើមយកមកវិញនូវតំបន់កាន់តែច្រើនក្នុងភាគខាងជើង និងខាងកើតនៃប្រទេសស៊ីរីពីកងកម្លាំងឃឺដ ដោយបានបង្រួបបង្រួមការគ្រប់គ្រងរបស់ប្រធានាធិបតីលោក Ahmed al-Sharaa ជិត១៤ ខែបន្ទាប់ពីរបបលោក Bashar al-Assad ត្រូវបានផ្តួលរំលំ។

ព្រឹត្តិការណ៍ដ៏ឆាប់រហ័សនេះបាននាំស៊ីរីស្ទើរតែទាំងអស់ដាក់ក្រោមអំណាចរបស់រដ្ឋដែលមានមូលដ្ឋាននៅកណ្តាលទីក្រុងដាម៉ាសវិញ បន្ទាប់ពីសង្គ្រាមស៊ីវិលជាច្រើនឆ្នាំដែលបានធ្វើឱ្យប្រទេសបែកបាក់ និងបានផ្តោតលើការផ្លាស់ប្តូរគោលនយោបាយរបស់អាមេរិក។

ភាពតានតឹងបាននិងកំពុងកើនឡើងរវាងរដ្ឋាភិបាល និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលដឹកនាំដោយកងកម្លាំងក្រុមឃឺដអស់រយៈពេលជាច្រើនខែ។
កងកម្លាំង SDF បានតស៊ូ ដោយមានគោលបំណងរក្សាស្វ័យភាពតំបន់ឃឺដ និងបង្ហាញការព្រួយបារម្ភថារដ្ឋបាលដែលដឹកនាំដោយឥស្លាមនិយមនៅទីក្រុងដាម៉ាសកំពុងស្វែងរកការគ្រប់គ្រងប្រទេសស៊ីរី។
ជម្លោះបានផ្ទុះឡើងនៅខែនេះ ដោយកងទ័ពរដ្ឋាភិបាលដណ្តើមបានស្រុកជាច្រើននៃទីក្រុង Aleppo ដែលគ្រប់គ្រងដោយក្រុមឃឺដ មុនពេលវាយលុកទៅទិសខាងកើតកាលពីសប្តាហ៍មុន ដោយបង្ខំឱ្យយុទ្ធជនឃឺដដកថយ។ខណៈយោធាអាមេរិកបានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយកងកម្លាំងSDF ទីក្រុងវ៉ាស៊ីនតោនមិនដែលគាំទ្រគោលដៅនយោបាយរបស់ខ្លួនក្នុងការធានាស្វ័យភាពកម្រិតខ្ពស់សម្រាប់ភាគឦសាននោះទេ។

គោលនយោបាយអាមេរិកមានភាពស្មុគស្មាញដោយសារការជំទាស់ពីប្រទេសទួរគីជាសមាជិកណាតូ ដែលចាត់ទុកថាក្រុម YPG ជាផ្នែកបន្ថែមនៃគណបក្សពលករឃឺដ (PKK) ក្រៅច្បាប់ ហើយបានបញ្ជូនកងទ័ពចូលទៅស៊ីរីច្រើនដងដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ក្រុមនេះ។
ក្រោយការទម្លាក់លោក Assad ប្រធានាធិបតីអាមេរិក Donald Trump បានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយលោក Sharaa ដោយដកទណ្ឌកម្ម និងស្វាគមន៍ប្រទេសស៊ីរីឱ្យចូលរួមក្នុងសម្ព័ន្ធភាពអន្តរជាតិប្រឆាំងនឹងរដ្ឋអ៊ីស្លាម៕