កីឡាករវ័យក្មេង មេឃ ជារក្សា បានសម្ដែងការសប្បាយរីករាយ និងមានមោទនភាពជាខ្លាំង ក្រោយមានឱកាសបង្ហាញខ្លួនលើកដំបូងឲ្យក្រុមធំព្រះខ័នរាជស្វាយរៀង និងបានចាត់ទុកជាកម្លាំងដ៏សំខាន់ ដែលជំរុញរូបគេឲ្យកាន់តែខំប្រឹង ដើម្បីអនាគតលើវិថីបាល់ទាត់របស់ខ្លួន។
ការបង្ហាញខ្លួនលើកដំបូងជាមួយក្លិបជើងឯកលីគកំពូលកម្ពុជានេះ ស្របពេលព្រះខ័នរាជស្វាយរៀង បានចាប់ផ្ដើមយុទ្ធនាការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ជាតិ) ឆ្នាំ២០២៥/២៦ វគ្គ ១៦ក្រុមចុងក្រោយ-ជើងទី១ ដោយបានយកឈ្នះក្រុមម្ចាស់ផ្ទះបាត់ដំបងយូណាយធីត ៥-២ កាលពីថ្ងៃពុធកន្លងទៅ។
កីឡាករវ័យជាង ១៧ឆ្នាំ ដែលមានដើមកំណើតនៅស្រុករមាសហែក ខេត្តស្វាយរៀង រូបនេះ បានប្រាប់ក្រុមការងារ BTV ថា ខ្លួនពិតជារីករាយ ដែលគ្រូបង្វឹកបានផ្ដល់ឱកាសឲ្យបង្ហាញខ្លួនលើកដំបូងឲ្យក្រុមធំ បន្ទាប់ពីដំឡើងមកពីក្រុមយុវជន U18 កាលពីថ្មីៗ។ យ៉ាងណាក្ដី មេឃ ជារក្សា ថាសមត្ថភាពខ្លួននៅមានកម្រិត ដែលទាមទារឲ្យខ្លួនត្រូវខំប្រឹងកាន់តែខ្លាំង ដើម្បីអភិវឌ្ឍសមត្ថភាព បច្ចេកទេស ឆ្ពោះទៅជួយក្លិបជាបន្ដបន្ទាប់ទៀត។
គួរដឹងថា ក្នុងយុទ្ធនាការប្រកួតពានរង្វាន់សម្ដេចតេជោ-ថ្នាក់ជាតិ រដូវកាលនេះ គេឃើញបណ្ដាក្លិបសមាជិកលីគកំពូលកម្ពុជា បានដំឡើងកីឡាករយុវជនថ្នាលមួយចំនួនចូលរួម ហើយក៏បានផ្ដល់ឱកាសលេងជាច្រើនផងដែរ ពិសេសកំឡុងការប្រកួតទល់នឹងក្រុមឡើងមកពីថ្នាក់ខេត្ត ជាក់ស្ដែងព្រះខ័នរាជស្វាយរៀង បានផ្ដល់ដំឡើងយុវជនអាយុក្រោម ១៨ឆ្នាំរបស់ខ្លួន ៤រូបចូលរួមក្នុងការប្រកួតនេះ រួមមាន មេឃ ជារក្សា, ប៉ូយ វិសាល, ម៉ន សារិ និងវ៉ា ដេវីត។
សម្រាប់យុវជន មេឃ ជារក្សា ដោយមានការតស៊ូ និងខិតខំប្រឹងប្រែងហ្វឹកហាត់ ក្រោមការជំរុញទឹកចិត្តពីឪពុកម្ដាយ ក្រៅពីបានហ្វឹកហាត់នៅថ្នាលយុវជនព្រះខ័នរាជស្វាយរៀង រហូតបានឡើងឲ្យក្រុមធំ រូបគេក៏ធ្លាប់ជម្រើសជាតិយុវជនអាយុក្រោម ១៦ឆ្នាំកម្ពុជាផងដែរ៕ អត្ថបទ លី ឈុនឡា



