សេតវិមានបានប្រកាសនៅថ្ងៃព្រហស្បតិ៍ (២២ មករា) ថា សហរដ្ឋអាមេរិក បានបញ្ចប់ការដកខ្លួនពីអង្គការសុខភាពពិភពលោក (WHO) ជាផ្លូវការហើយ បន្ទាប់ពីរយៈពេលជូនដំណឹង ១ឆ្នាំ ដែលជាលក្ខខណ្ឌតម្រូវសម្រាប់ការដកខ្លួននេះ បានបញ្ចប់ជាស្ថាពរ ដែលបានកើតឡើងចំពេល ១ឆ្នាំពេញ បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើក្រឹត្យដើម្បីចាប់ផ្តើមដំណើរការដកខ្លួននេះ។

មន្ត្រីជាន់ខ្ពស់មកពីក្រសួងសុខាភិបាលអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អង្គការ WHO «បានងាកចេញពីបេសកកម្មស្នូលរបស់ខ្លួន ហើយបានធ្វើសកម្មភាពផ្ទុយនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក ក្នុងការការពារសាធារណជនអាមេរិក ជាច្រើនលើកច្រើនសារ»។ ក្រុមអ្នកជំនាញសុខភាពសកល ជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន គិតឡើងវិញ ប៉ុន្តែក្រុមមន្រ្តីបាននិយាយថា សហរដ្ឋអាមេរិក ពុំមានបំណងត្រឡប់ទៅចូលរួមអង្គការសុខភាពនេះវិញទេ។

លោក Christian Lindmeier អ្នកនាំពាក្យរបស់អង្គការ WHO បានទទួលស្គាល់សិទ្ធិរបស់សហរដ្ឋអាមេរិក ក្នុងការដកខ្លួនចេញពីស្ថាប័ននេះ ប៉ុន្តែបានកត់សម្គាល់ថា ថ្លៃសមាជិកភាពដែលនៅសេសសល់ទាំងអស់ ត្រូវតែដោះស្រាយ មុនពេលចាកចេញ។ យោងតាម WHO សហរដ្ឋអាមេរិកនៅជំពាក់ថ្លៃសមាជិកភាពរបស់អង្គការនេះចំនួន ២៦០លានដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២៤ និងឆ្នាំ ២០២៥។
មន្ត្រីជាន់ខ្ពស់មកពីក្រសួងសុខាភិបាលអាមេរិក បានអះអាងថា សហរដ្ឋអាមេរិក ពុំមានកាតព្វកិច្ចបង់ប្រាក់ក្រោមរដ្ឋធម្មនុញ្ញរបស់ WHO នោះទេ ដែលត្រូវបានអនុម័តក្នុងឆ្នាំ១៩៤៨។ ក្រសួងសុខាភិបាលអាមេរិក ក៏បានអះអាងផងដែរថា ប្រទេសដទៃទៀត បានចូលរួមវិភាគទានតិចជាងអាមេរិកឆ្ងាយណាស់ ប៉ុន្តែមិនដែលមានអគ្គនាយក WHO ជាជនជាតិអាមេរិកទេ ទោះបីជាទីក្រុងវ៉ាស៊ីនតោន បានចូលរួមវិភាគទានច្រើនយ៉ាងណាក៏ដោយ៕