ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្ហាញក្រុមប្រឹក្សាសន្តិភាពថ្មីរបស់លោកនៅទីក្រុង Davos ប្រទេសស្វីស កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា ដោយបានកំណត់ខ្លួនឯងថាជាអ្នកបង្កើតសន្តិភាពសកល ទោះបីជាមានមន្ទិលសង្ស័យយ៉ាងទូលំទូលាយលើផែនការមួយក្នុងបំណងតាក់តែងឡើងវិញនូវសណ្តាប់ធ្នាប់សកល ក៏ដោយ។

មន្ត្រីរបស់លោកTrump ក៏បានបង្ហាញពីផែនការដ៏មហិច្ឆតាសម្រាប់តំបន់«ហ្កាហ្សាថ្មី» ក្នុងអំឡុងពិធីមួយនៅវេទិកាសេដ្ឋកិច្ចពិភពលោក ដោយមេដឹកនាំសហរដ្ឋអាមេរិក បានពិពណ៌នាអំពីដែនដីប៉ាឡេស្ទីនដែលត្រូវបានបំផ្លិចបំផ្លាញថាជា «អចលនទ្រព្យល្អប្រសើរ»។

ក្រុមប្រឹក្សានេះ ត្រូវបានបង្កើតឡើងបន្ទាប់ពីលោក Trump បានសម្តែងការខកចិត្តចំពោះការបរាជ័យក្នុងការមិនទទួលបានពានរង្វាន់ណូបែលសន្តិភាព និងបានបង្កើនការចោទប្រកាន់របស់លោកថា អង្គការសហប្រជាជាតិ បរាជ័យក្នុងការដោះស្រាយជម្លោះអន្តរជាតិជាច្រើន។ លោក Trump បាននិយាយខណៈលោកបានចូលរួមនៅលើឆាកមួយជាមួយបណ្តាមេដឹកនាំ និងមន្ត្រីមកពី១៩ប្រទេស ដើម្បីចុះហត្ថលេខាលើធម្មនុញ្ញស្ថាបនិកក្រុមប្រឹក្សាសន្តិភាពនៅរមណីយដ្ឋានជិះស្គីប្រទេសស្វីស ថា «ក្រុមប្រឹក្សានេះមានឱកាសក្លាយជាស្ថាប័នសំខាន់បំផុតមួយដែលមិនធ្លាប់មានពីមុនមក»។ ក្រុមប្រឹក្សាសន្តិភាព ដែលលោក Trump ជាប្រធាន ដំបូងឡើយត្រូវបានគ្រោងទុកដើម្បីត្រួតពិនិត្យបទឈប់បាញ់និងការកសាងឡើងវិញតំបន់ហ្កាហ្សា បន្ទាប់ពីសង្គ្រាមរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល។ ប៉ុន្តែគោលបំណងរបស់វាបានប្រែក្លាយទៅជាការដោះស្រាយជម្លោះអន្តរជាតិគ្រប់ប្រភេទ ដែលបង្កឱ្យមានការព្រួយបារម្ភថាប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះមានបំណងបង្កើតការប្រជែងជាមួយអង្គការសហប្រជាជាតិ។