គណៈរដ្ឋមន្ត្រីរបស់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi នៅថ្ងៃសុក្រនេះ បានអនុម័តសេចក្ដីសម្រេចមួយក្នុងការរំលាយសភាជាន់ទាប។

នៅពេលរសៀលថ្ងៃសុក្រ២៣មករា សប្ដាហ៍នេះ សភាជាន់ទាបនឹងរំសាយជាផ្លូវការនៅដើមសម័យប្រជុំសភានៅឆ្នាំនេះ។
លោកស្រី Takaichi ដែលបានចូលកាន់តំណែងក្នុងខែតុលា បានប្រកាសកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា លោកស្រីនឹងរំសាយសភាជាន់ទាបដែលមានអាសនៈចំនួន ៤៦៥ នៅថ្ងៃសុក្រនេះ ដោយការបោះឆ្នោតសកលគ្រោងធ្វើឡើងនៅថ្ងៃទី ៨ ខែកុម្ភៈ ក្នុងគោលបំណងទាញយកអត្ថប្រយោជន៍ពីការវាយតម្លៃខ្ពស់បច្ចុប្បន្នរបស់គណៈរដ្ឋមន្ត្រីលោកស្រី។

នៅព្រឹកថ្ងៃសុក្រនេះ គណៈរដ្ឋមន្ត្រីរបស់លោកស្រី Takaichi បានអនុម័តផែនការរំលាយសភា។ខណៈនាយករដ្ឋមន្ត្រីមានសិទ្ធិក្នុងការរំលាយសភាជាន់ទាប នេះគឺជាការរំលាយលើកដំបូងនៅដើមកិច្ចប្រជុំប្រចាំឆ្នាំក្នុងពេល៦០ឆ្នាំ៕