ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ លើការងារថែទាំសុពលភាពផ្លូវ ចំនួនពីរគម្រោង នៅស្រុកកោះកុង ខេត្តកោះកុង ដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទបានល្អប្រសើរ ដោយរក្សានូវប្រកប ដោយគុណភាព ឆ្លើយតបនឹងតម្រូវការរស់នៅរបស់ប្រជាជននៅមូលដ្ឋាន។
ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅ ក្នុងការចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ លូ និងផ្លាកឈ្មោះផ្លូវ ចំនួន២គម្រោង ស្ថិតនៅស្រុកកោះកុង ខេត្តកោះកុង នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នេះថា ការស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន នៅ តាមជនបទ គឺជាការវិនិយោគដ៍ចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងគោលដៅពង្រីកហេដ្ឋារចនាសម្ព័ន្ធជនបទ ឱ្យគ្រប់ដណ្តប់នៅទូទាំង ប្រទេស ដើម្បីលើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន និងជំរុញដល់ដំណើរការអន្តរកម្មសង្គម-សេដ្ឋកិច្ច ការផ្សាភ្ជាប់សកម្មភាព ធុរកិច្ចផ្សេងៗ រវាងជនបទនិងទីប្រជុំជនជាដើម។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ជុំវិញការវិនិយោគសារធារណះលេីវិស័យផ្លូវនៅតាមជនបទនេះ ក៏ជាការជំរុញធ្វើកំណេីនសេដ្ឋកិច្ចជនបទ ដើម្បីបង្កើនប្រាក់ចំណូលប្រចាំថ្ងៃដល់គ្រួសារនីមួយៗ ជាក់ស្តែងការស្ថាបនា និងការស្តារផ្លូវនៅជនបទ ដែលស្ថិតក្រោមក្របខណ្ឌក្រសួង អភិវឌ្ឍន៍ជនបទ គឺជាការចូលរួមចំណែក នៃយុទ្ធសាស្រ្តដែលមានសក្តានុពលសម្រាប់សេដ្ឋកិច្ច ទាំងតំបន់នៅតាមក្រវ៉ាត់ការពារ ព្រំដែន ក៏ដូចជាតំបន់មួយចំនួននៅទូទាំងប្រទេសជាដើម ជាក់ស្តែងក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តឆ្លើយបតបទៅតាម តម្រូវរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ដែលបានយកចិត្តទុកដាក់អនុវត្ត គម្រោងខាងលើនេះ សម្រេចបានតាមផែនការ និងប្រកបដោយគុណភាព ព្រោះផ្លូវមានសារៈសំខាន់ណាស់ សម្រាប់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ មិនថាប្រជាពលរដ្ឋនៅមូលដ្ឋាន ឬប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នោះឡើយ, នេះជាការបង្ករភាពងាយស្រួល តាមរយៈការកាត់បន្ថយពេលវេលា និងកាត់បន្ថយចំណាយលើការដឹកជញ្ជូនកសិផល ក៏ដូចជាការរកស៊ីទទួលទានផ្សេងៗផងដែរ ពោលគឺ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅតាមមូលដ្ឋាន នៅក្នុងអាណត្តិនីមួយៗ ត្រូវបានរាជរដ្ឋាភិបាលវិនិយោគ ដោយចំណាយ ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន និងប្រែក្លាយតំបន់ជនបទឱ្យជាតំបន់មានការអភិវឌ្ឍ រីកចម្រើន៕
អត្ថបទ៖ សុន រ៉ាឌី









