ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០២២នេះ បានសេចក្តីបំភ្លឺចំពោះប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលបានលើកឡើងថា បុគ្គលឈ្មោះ ហួន សីហា ជាជំនួយការរបស់លោក ហើយបានដើរយកលុយគេជាថ្នូរ នឹងការបញ្ចូលក្របខណ្ឌកងយោធពលខេមរភូមិន្ទ ខណៈការផ្សព្វព័ត៌មានមិនច្បាស់លាស់ ហើយនាំឲ្យខូចដល់កិត្តិយសរបស់លោក និងក្រសួងការពារជាតិទាំងមូល។
តាមរយៈហ្វេសបុកនាយឧត្តមសេនីយ៍ ឈុំ សុជាត បានលើកឡើងថា «នាថ្មីៗនេះ មានសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយអំពីបុគ្គលឈ្មោះ ហួន សីហា ហើយអះអាងថា ជាជំនួយការរបស់ខ្ញុំ ដោយបានយកឈ្មោះរបស់ខ្ញុំទៅប្រើប្រាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈការយកលុយជាថ្នូរនឹងការបញ្ចូលក្របខណ្ឌកងយោធពលខេមរភូមិន្ទជាដើម»។
នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា «ខ្ញុំសូមធ្វើការបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយដែលមិនបានបញ្ជាក់ឲ្យបានត្រឹមត្រូវនេះ ហើយសូមបញ្ជាក់ដែរថា រូបខ្ញុំមិនដែលមានជំនួយការឈ្មោះ ហួន សីហា ដូចការផ្សព្វផ្សាយនោះទេ។ រាល់សកម្មភាពរបស់ឈ្មោះ ហួន សីហា គឺជាទង្វើបុគ្គលសុទ្ធសាធ មិនគួរមានការផ្សព្វផ្សាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំ និងក្រសួងការពារជាតិឡើយ»។
យ៉ាងណាក៏ដោយនាយឧត្តមសេនីយ៍ ឈុំ សុជាត បានស្នើនិងអំពាវនាវដល់សារព័ត៌មានទាំងអស់ ដែលបានផ្សព្វផ្សាយដោយមានការភាន់ច្រឡំ ធ្វើការកែតម្រូវនូវការផ្សព្វផ្សាយរបស់ខ្លួនឡើងវិញ។ ទន្ទឹមនឹងនេះ នាយឧត្តមសេនីយ៍ ក៏សូមអំពាវនាវដល់ជនរងគ្រោះប្តឹងទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីចាត់វិធានការស្រាវជ្រាវ ដើម្បីផ្ដន្ទាទោសចំពោះជនដែលប្រព្រឹត្តល្មើសទៅតាមនីតិវិធីច្បាប់ផងដែរ៕អត្ថបទ៖ បាន ចក់
