ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយនៅក្នុងសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Xថា កងទ័ពជើងទឹកបារាំង បានឃាត់នាវាដឹកប្រេងមួយគ្រឿង ដែលត្រូវបានចោទប្រកាន់ថា កំពុងធ្វើដំណើរពីប្រទេសរុស្ស៊ីនៅក្នុងដែនទឹកអព្យាក្រឹត នៅសមុទ្រមេឌីទែរ៉ាណេ។

លោកបានសរសេរថា៖ នាព្រឹកថ្ងៃព្រហស្បតិ៍ កងទ័ពជើងទឹកបារាំង បានឡើងលើនាវាដឹកប្រេងមួយគ្រឿងដែលមកពីប្រទេសរុស្ស៊ី ដែលស្ថិតនៅក្រោមទណ្ឌកម្មអន្តរជាតិ និងសង្ស័យថា បានលើកទង់ជាតិក្លែងក្លាយ។ ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនៅលើសមុទ្រមេឌីទែរ៉ាណេ ដោយមានការគាំទ្រពីសម្ព័ន្ធមិត្តជាច្រើនរបស់យើង»។

ឈ្មោះរបស់នាវាដឹកប្រេងដែលត្រូវបានឃាត់នេះ មិនត្រូវបានបង្ហាញទេ ហើយក៏មិនមានព័ត៌មានណាមួយដែលអាចរកបានទាក់ទងនឹងថាតើពួកគេអាចជាពលរដ្ឋរុស្ស៊ី នៅលើនាវានោះដែរឬទេ។ ប្រមុខរដ្ឋបារាំងរូបនេះ គ្រាន់តែនិយាយថា ចំណាត់ការនេះ គឺអនុលោមតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ សមុទ្រ ដោយបន្ថែមថា ការស៊ើបអង្កេតមួយ ត្រូវបានធ្វើឡើង។ លោក ម៉ាក្រុង បានបង្ហោះថា៖ «យើងប្តេជ្ញាចិត្តគាំទ្រច្បាប់អន្តរជាតិ និងធានាការអនុវត្តទណ្ឌកម្មប្រកបដោយប្រសិទ្ធភាព»៕