បណ្តាញព័ត៌មាន NBC News បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីថា បណ្តាប្រទេសនៅអឺរ៉ុប ដែលកំពុងប្រឈមនឹងភាពតានតឹងផ្នែកនយោបាយជាមួយសហរដ្ឋអាមេរិក កំពុងស្វែងរកមធ្យោបាយ ដើម្បីបង្កើនស្តុកអាវុធនុយក្លេអ៊ែររបស់ពួកគេ និងថែមទាំងផលិតអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនរបស់ពួកគេទៀតផង។

មន្ត្រីទាំងនោះ និយាយថា ប្រទេសនានានៅអឺរ៉ុប កំពុងស្វែងយល់ពីរបៀបពង្រឹងការការពារនុយក្លេអ៊ែររបស់ពួកគេ ពីព្រោះពួកគេចាប់ផ្តើមសង្ស័យលើការសន្យារបស់សហរដ្ឋអាមេរិក ក្នុងការការពារពួកគេពីការគំរាមកំហែងដោយនុយក្លេអ៊ែរ។ ទន្ទឹមនឹងនេះ ប្រទេសនៅអឺរ៉ុបដែលគ្មានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន កំពុងសម្រេចចិត្តថាតើត្រូវពឹងផ្អែកលើស្តុកអាវុធរបស់ចក្រភពអង់គ្លេស និងបារាំង ឬចាប់ផ្តើមផលិតអាវុធផ្ទាល់ខ្លួន។
មន្ត្រីម្នាក់បាននិយាយថា៖«យើងកំពុងនិយាយអំពីរបៀបការពារអឺរ៉ុបជាមួយនឹងការការពារដោយនុយក្លេអ៊ែរ ដោយមិនចាំបាច់ពឹងលើសហរដ្ឋអាមេរិក»។ ប្រភពមួយទៀតបានពិពណ៌នាអំពីការពិភាក្សានេះថា «ដ៏ហ្មត់ចត់ និងប្រកបដោយផលិតភាព»។

មន្ត្រីទាំងនោះបានចង្អុលបង្ហាញថា អឺរ៉ុបកំពុងពិចារណាជម្រើសជាច្រើន៖ ការធ្វើឲ្យប្រសើរឡើងនូវឃ្លាំងអាវុធរបស់បារាំង ការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែររបស់ខ្លួន នៅបរទេស និងពង្រឹងកងកម្លាំងធម្មតារបស់អង្គការណាតូ នៅភាគខាងកើត។ សំណើមួយចំនួនពាក់ព័ន្ធនឹងការផ្តល់មធ្យោបាយដល់រដ្ឋដែលមិនមែនជានុយក្លេអ៊ែរ ដើម្បីទទួលបានអាវុធបែបនេះ។ បណ្តាញព័ត៌មាន NBC News កត់សម្គាល់ថា ការធ្វើបែបនេះ នឹងមិនរំលោភលើសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរទេ មិនដូចជំហានដូចជាការបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមកម្រិតដែលអាចផលិតអាវុធនុយក្លេអ៊ែរនោះទេ៕