ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមីនានេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនស្ត្រីម្នាក់ជាបណ្ដោះអាសន្ន ក្រោយពីនគរបាលបានធ្វើការឃាត់ខ្លួន ទាក់ទិននឹងការបង្ហោះហ្វេសប៊ុកមានលក្ខណៈញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្ដោះអាសន្ន ចំពោះ ឈ្មោះ ថន គឹមសាន ភេទស្រី អាយុ ៥១ឆ្នាំ មានទីលំនៅផ្ទះលេខ ៥អា ផ្លូវបេតុង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ដោយចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម បន្ទាប់ពីជនត្រូវចោទរូបនេះ បានបង្ហោះសារលើ facebook ដែលមានខ្លឹមសារលក្ខណៈញុះញង់បង្កចលាចលថា «អ្នកទទួលវ៉ាក់សាំងការពារកូវីដ-១៩ របស់ចិន គឺធ្វើឲ្យមានអ្នកស្លាប់ច្រើន ដោយមានអាការៈ ពិការដៃ ពិការជើង ក្តៅ និងស្លាប់»។
ស្ដ្រីឈ្មោះ ថត គឹមសាន ត្រូវបាននគរបាលចាប់ខ្លួន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ហើយបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបានកសាងសំណុំរឿងញ្ជូនបន្តទៅតុលាការនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ។
នៅក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ គឺបានចោទប្រកាន់ស្ដ្រីឈ្មោះ ថត គឹមសាន តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ និងបានបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈធ្វើការបញ្ជូនខ្លួនជនត្រូវចោទដែលមានឈ្មោះ ថន គឹមសាន ទៅកាន់មណ្ឌលអប់រំកែប្រែទី២ ជាបណ្ដោះអាសន្ន ដោយដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា


