គណបក្សនយោបាយធំៗរបស់ប្រទេសបង់ក្លាដែស បានចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតជាផ្លូវការ រយៈពេលបីសប្តាហ៍មុនពេលការបោះឆ្នោតជាតិដែលគ្រោងធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ។ គណបក្សពលរដ្ឋជាតិ(NCP)ដឹកនាំដោយយុវជន បានបើកយុទ្ធនាការរបស់ខ្លួននៅទីក្រុងដាកា ដោយមានការដង្ហែក្បួនទៅកាន់ផ្នូររបស់លោក Sharif Osman Hadi ជាសកម្មជនម្នាក់ត្រូវបានសម្លាប់កាលពីពេលថ្មីៗនេះ។

គណបក្សអ៊ីស្លាមនិយម Jamaat e Islami ក៏បានចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងរដ្ឋធានីផងដែរ ជាកន្លែងដែលមនុស្សរាប់ពាន់នាក់បានមកប្រមូលផ្តុំគ្នាដើម្បីស្តាប់ការថ្លែងរបស់មេដឹកនាំខ្លួន គឺលោក Shafiqur Rahman។
ប្រធានគណបក្សជាតិនិយមបង់ក្លាដែស (BNP) លោក Tarique Rahman បានបើកយុទ្ធនាការរបស់លោកនៅក្នុងស្រុក Sylhet ភាគឦសាន ដោយរៀបចំកម្មវិធីផ្សព្វផ្សាយតាមដងផ្លូវនៅទូទាំងតំបន់ដាំដំណាំស្លឹកតែ។

សន្តិសុខត្រូវបានរឹតបន្តឹងនៅក្នុងព្រឹត្តិការណ៍ឃោសនាបោះឆ្នោត ហើយពុំមានអំពើហិង្សាណាមួយត្រូវបានរាយការណ៍ឡើយ។ ការបោះឆ្នោតនេះ ត្រូវបានគេមើលឃើញថាជាការសាកល្បងដ៏សំខាន់សម្រាប់លទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីរដ្ឋាភិបាលបណ្តោះអាសន្នដឹកនាំដោយអ្នកទទួលពានរង្វាន់ណូបែល លោក Muhammad Yunus បានឡើងកាន់តំណែងកាលពីខែសីហា បន្ទាប់ពីភាពវឹកវរជាច្រើនសប្តាហ៍ដែលបានផ្តួលរំលំអតីតនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina និងបានបណ្តាលឱ្យមនុស្សជិត១.៤០០នាក់ស្លាប់។