ថ្មីៗនេះ លោក Nireayo Wubet អាយុ៨៨ឆ្នាំ ចំណាយពេលជាច្រើនថ្ងៃដើម្បីបញ្ចុះសពមិត្តភក្តិ និងសមាជិកគ្រួសារ។ ក្នុងពេលលោកកំពុងកាន់ទុក្ខ លោកព្រួយបារម្ភថាតើនឹងមាននរណាម្នាក់នៅសល់ដើម្បីបញ្ចុះសពឲ្យបានសមរម្យដល់លោកនៅពេលលោកស្លាប់ ខណៈភាពអត់ឃ្លានធ្ងន់ធ្ងរបានកើតឡើងនៅក្នុងភូមិរបស់លោកនៅតំបន់ Tigray ភាគខាងជើងប្រទេសអេត្យូពី។

លោកបានត្អូញត្អែរថា «យើងមានការគាំទ្រផ្នែកមនុស្សធម៌តិចតួចបំផុត» ហើយ «វាពុំមែនជាជម្លោះដែលនឹងសម្លាប់យើងនៅទីបំផុតនោះទេ ប៉ុន្តែវាជាទុរ្ភិក្ស»។ លោកត្រូវបានជម្លៀសជាលើកដំបូងនៅពាក់កណ្តាលសង្គ្រាមក្នុងតំបន់ Tigray ដែលបានចាប់ផ្តើមនៅឆ្នាំ ២០២០ ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឱ្យមនុស្សរាប់លាននាក់ទៀតភៀសខ្លួនចេញ។

ភូមិ Hitsats គឺជាភូមិដ៏ក្រីក្រមួយ ត្រូវបានទ្រទ្រង់ភាគច្រើនដោយអង្គការមនុស្សធម៌ រួមមានទាំងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID) ដែលធ្លាប់ជាប្រភពជំនួយមនុស្សធម៌ធំបំផុតរបស់ប្រទេសអេត្យូពី។ ប៉ុន្តែរឿងនោះបានផ្លាស់ប្តូរភ្លាមៗកាលពីមួយឆ្នាំកន្លងទៅនេះ នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ឡើងកាន់តំណែង ហើយបានបំផ្លាញការងាររបស់ទីភ្នាក់ងារនេះភ្លាមៗ និងកាត់មូលនិធិនៅទូទាំងពិភពលោក។
នៅទូទាំងតំបន់ Tigray អង្គការមនុស្សធម៌ រួមមានទាំងកម្មវិធីស្បៀងអាហារពិភពលោក (WFP) និយាយថា ប្រជាជនរហូតដល់៨០ភាគរយ ត្រូវការជំនួយសង្គ្រោះបន្ទាន់។ ប៉ុន្តែការកាត់មូលនិធិរបស់ អង្គការ USAID មានន័យថាមានមូលនិធិមនុស្សធម៌តិចជាងមុន ហើយអ្វីដែលនៅសល់ច្រើនតែត្រូវបានដឹកជញ្ជូនទៅកាន់ចំណុចក្តៅនិងតំបន់ជម្លោះសកល ដែលត្រូវបានចាត់ទុកថាជាភាពអាសន្នកាន់តែអាក្រក់។