អង្គការកម្មវិធីស្បៀងអាហារពិភពលោក WFP របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២២ មករា) ថា មនុស្សជាង ១លាននាក់ នៅភាគឦសានប្រទេសនីហ្សេរីយ៉ា អាចនឹងបាត់បង់លទ្ធភាពទទួលបានជំនួយស្បៀងអាហារ និងអាហារូបត្ថម្ភបន្ទាន់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយសារជំនួយជិតអស់ទៅហើយ ខណៈអំពើហិង្សា និងភាពអត់ឃ្លានកើនឡើងដ៏មហន្តរាយនៅក្នុងតំបន់។
ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិមួយនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងកាត់បន្ថយជំនួយយ៉ាងខ្លាំង ដោយដាក់កម្រិតមកត្រឹម ៧២.០០០នាក់ នៅក្នុងខែកុម្ភៈ ពោលគឺធ្លាក់ចុះពីចំនួន ១,៣លាននាក់ ដែល WFP បានជួយ ក្នុងរដូវគ្មានស្បៀងអាហារកាលពីឆ្នាំមុន ដែលចាប់ផ្តើមពីខែឧសភា ដល់ខែតុលា។

យោងតាមអង្គការ WFP មនុស្ស ៣៥ លាននាក់ ទំនងជាជួបប្រទះនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅនីហ្សេរីយ៉ា ក្នុងឆ្នាំ២០២៦នេះ ដែលជាតួលេខខ្ពស់បំផុតនៅលើទ្វីបនេះ និងជាចំនួនច្រើនបំផុតដែលបានកត់ត្រា ចាប់តាំងពីទីភ្នាក់ងារ WFP បានចាប់ផ្តើមប្រមូលទិន្នន័យនៅក្នុងប្រទេសនេះមក។
អំពើហិង្សាដែលបានកើតឡើងជាថ្មីនៅប្រទេសនីហ្សេរីយ៉ា បានធ្វើឱ្យមនុស្សប្រហែល ៣,៥លាននាក់ ត្រូវរត់ជម្លៀសខ្លួនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយបំផ្លាញការផ្គត់ផ្គង់អាហារ និងធ្វើឱ្យបញ្ហាកង្វះអាហារូបត្ថម្ភឈានដល់កម្រិតកាន់តែធ្ងន់ធ្ងរ នៅក្នុងរដ្ឋភាគខាងជើងជាច្រើន។ ក្រុមមន្ត្រីបាននិយាយថា ការវាយប្រហារយ៉ាងទូលំទូលាយដោយក្រុមប្រដាប់អាវុធផ្សេងៗ បានរារាំងកសិករមិនឱ្យប្រើប្រាស់ដីចម្ការរបស់ពួកគេ ដែលនាំទៅដល់ការខ្វះស្បៀងអាហារធ្ងន់ធ្ងរ៕

