អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា ថា ខ្លួនកំពុងទទួលខុសត្រូវលើការគ្រប់គ្រងជំរំធំៗនៅក្នុងប្រទេសស៊ីរីដែលផ្តល់ទីជម្រកដល់ស្ត្រី និងកុមាររាប់ម៉ឺននាក់ដែលជាប់ពាក់ព័ន្ធជាមួយក្រុមរដ្ឋអ៊ីស្លាម(IS)បន្ទាប់ពីការដួលរលំយ៉ាងឆាប់រហ័សនៃកងកម្លាំងដឹកនាំដោយក្រុមឃឺដ ដែលបានការពារពួកគេរយៈពេលជាច្រើនឆ្នាំមកហើយ។ ប្រទេសអ៊ីរ៉ាក់ បានចាប់ផ្តើមទទួលយកអ្នកជាប់ឃុំដែលត្រូវបានផ្ទេរពីពន្ធនាគារនៅក្នុងប្រទេសស៊ីរី ខណៈក្រុមឃឺដដកខ្លួនថយ និយាយថាខ្លួននឹងចាប់ផ្តើមដាក់ការចោទប្រកាន់ពួកគេតាមរយៈប្រព័ន្ធតុលាការព្រហ្មទណ្ឌរបស់ខ្លួន ហើយបានអំពាវនាវដល់ប្រទេសដទៃទៀតឱ្យជួយទទួលយកពួកគេ។

សមាជិករដ្ឋអ៊ីស្លាមជាង១ម៉ឺននាក់ និងស្ត្រីព្រមទាំងកុមាររាប់ម៉ឺននាក់ដែលជាប់ពាក់ព័ន្ធជាមួយពួកគេ ត្រូវបានឃុំខ្លួនរយៈពេលជាច្រើនឆ្នាំនៅក្នុងពន្ធនាគារ និងជំរំឃុំឃាំងប្រហែលដប់កន្លែង ដែលត្រូវបានយាមដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF) ដឹកនាំដោយក្រុមឃឺដនៅភាគឦសានប្រទេសស៊ីរី។ កងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF) បានដកថយយ៉ាងឆាប់រហ័សនៅសប្តាហ៍នេះ បន្ទាប់ពីការប៉ះទង្គិចជាមួយកងកម្លាំងរដ្ឋាភិបាលស៊ីរី ដែលបង្កើនការព្រួយបារម្ភអំពីសន្តិសុខនៅពន្ធនាគារ និងស្ថានភាពមនុស្សធម៌នៅក្នុងជំរំនានា។
អង្គការសហប្រជាជាតិបាននិយាយថា កងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF) បានដកថយកាលពីថ្ងៃអង្គារ ទី២០ ខែមករា ពីជំរំ al-Hol រួមជាមួយជំរំមួយផ្សេងទៀតគឺជំរំ Roj មានជនស៊ីវិលចំនួន២៨.០០០នាក់ ភាគច្រើនជាស្ត្រី និងកុមារ ដែលបានរត់ភៀសខ្លួនពីទីតាំងលាក់ខ្លួនរបស់ក្រុមរដ្ឋអ៊ីស្លាម ។ ពួកគេរួមមានជនជាតិស៊ីរី អ៊ីរ៉ាក់ និងជនជាតិដទៃទៀត។
