កាលពីថ្ងៃព្រហស្បតិ៍ (២២ មករា) សភាតំណាងរាស្ត្រអាមេរិក ដែលគ្រប់គ្រងដោយសមាជិកបក្សសាធារណរដ្ឋ បានបោះឆ្នោតទម្លាក់ចោលនូវសេចក្តីសម្រេចមួយ ដែលមានបំណងហាមឃាត់លោកប្រធានាធិបតី Donald Trump មិនឱ្យធ្វើសកម្មភាពយោធាបន្ថែមទៀតនៅវ៉េណេស៊ុយអេឡា ដោយពុំមានការអនុញ្ញាតពីសភា ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីវិធានការស្រដៀងគ្នានេះបរាជ័យក្នុងព្រឹទ្ធសភា។
សភាបានបោះឆ្នោតក្នុងលទ្ធផលស្មើគ្នា ២១៥ ទល់នឹង ២១៥ ដែលមានន័យថា គឺជាជ័យជម្នះលើសេចក្តីសម្រេចមួយ ដែលចង់ «បង្គាប់ប្រធានាធិបតីឱ្យដកកងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិក ចេញពីវ៉េណេស៊ុយអេឡា លុះត្រាតែមានការអនុញ្ញាតយ៉ាងច្បាស់លាស់ ដោយសេចក្ដីប្រកាសសង្គ្រាម ឬការអនុញ្ញាតជាក់លាក់តាមច្បាប់ សម្រាប់ការប្រើប្រាស់កម្លាំងយោធា»។

គណបក្សសាធារណរដ្ឋរបស់លោក Trump មានសំឡេងភាគច្រើន ២១៨ ទល់នឹង ២១៣ របស់បក្សប្រជាធិបតេយ្យនៅក្នុងសភា។ ការបោះឆ្នោតដ៏ប្រកៀកប្រកិតនេះបានឆ្លុះបញ្ចាំងពីក្ដីបារម្ភនៅក្នុងសភា រួមទាំងពីសមាជិកបក្សសាធារណរដ្ឋមួយក្តាប់តូចផងដែរ លើគោលនយោបាយការបរទេសរបស់លោក Trump។ មានការគាំទ្រកាន់តែខ្លាំងឡើងចំពោះអំណះអំណាងដែលថា សភាអាមេរិក គួរតែមានអំណាចក្នុងការបញ្ជូនកងទ័ពអាមេរិកទៅធ្វើសង្គ្រាម មិនមែនជាប្រធានាធិបតីនោះទេ ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក។
កងកម្លាំងសហរដ្ឋអាមេរិក រួមទាំងគ្រឿងយុទ្ធោបករណ៍យ៉ាងច្រើន បានវាយឆ្មក់លើទីក្រុងការ៉ាកាស កាលពីថ្ងៃទី៣ ខែមករា និងបានចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា Nicolas Maduro។ លោក រដ្ឋបាលលោក Trump បានអះអាងថា ការចាប់ខ្លួនលោក Maduro គឺជាប្រតិបត្តិការផ្លូវតុលាការមានកំណត់មួយ ដើម្បីនាំខ្លួនលោកទៅកាត់ទោសនៅសហរដ្ឋអាមេរិក ពីបទចោទប្រកាន់ពីបទគ្រឿងញៀន ហើយមិនមែនជាប្រតិបត្តិការយោធានោះទេ៕

