មេដឹកនាំសហភាពអឺរ៉ុប បានបើកកិច្ចប្រជុំកំពូលបន្ទាន់មួយនៅទីក្រុងព្រុចសែល កាលពីល្ងាចថ្ងៃព្រហស្បតិ៍ (២២ មករា) ដោយបានធូរស្រាលចិត្តឡើងវិញចំពោះការបន្ទន់ជំហររបស់លោកប្រធានាធិបតីអាមេរិក Donald Trump លើបញ្ហាកោះហ្គ្រីនលែន។ មេដឹកនាំទាំងនោះបាននិយាយថា ពួកគេចង់ឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក វិលមករកភាពប្រក្រតីវិញ បន្ទាប់ពីសភាអឺរ៉ុប បានផ្អាកការផ្តល់សច្ចាប័នរបស់ខ្លួនលើកិច្ចព្រមព្រៀងនេះ ដើម្បីតវ៉ាប្រឆាំងនឹងសម្ពាធរបស់សហរដ្ឋអាមេរិក ក្នុងការទិញយកកោះហ្គ្រីនលែន។
ទោះបីជាបាននិយាយថា ប្លុកអឺរ៉ុបចង់ធ្វើការលើការពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងមហាសមុទ្រអាត្លង់ទិកក៏ដោយ ក៏ប៉ុន្តែមេដឹកនាំសហភាពអឺរ៉ុបទាំងនោះបានព្រមានថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការ ប្រសិនបើលោក Trump គំរាមកំហែងពួកគេម្តងទៀត។

កិច្ចប្រជុំកំពូលនៅល្ងាចថ្ងៃព្រហស្បតិ៍នោះ ត្រូវបានកំណត់ពេលកោះប្រជុំ បន្ទាប់ពីសហរដ្ឋអាមេរិក បានគំរាមកំហែងយកពន្ធខ្ពស់ និងលទ្ធភាពសកម្មភាពយោធានៅហ្រ្គីនលែន ដែលក្រោយមក ទីក្រុងវ៉ាស៊ីនតោន បានដកថយចេញពីការគំរាមកំហែងទាំងនោះ ដោយនិយាយថា កិច្ចព្រមព្រៀងលើកោះអាកទិកមួយនេះ កំពុងលេចចេញជារូបរាងហើយ។
កិច្ចប្រជុំកំពូលបន្ទាន់ ដែលមានបំណងវាយតម្លៃឡើងវិញអំពីទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក មិនបានធ្វើការសម្រេចជាក់លាក់ណាមួយឡើយ ខណៈអាមេរិក បានបន្ធូរដៃទៅវិញ។ យ៉ាងណាក៏ដោយ លោក Antonio Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប បាននិយាយថា សហភាពអឺរ៉ុប «នឹងការពារខ្លួន ការពាររដ្ឋជាសមាជិករបស់ខ្លួន ការពារប្រជាពលរដ្ឋនិងក្រុមហ៊ុនរបស់ខ្លួន ប្រឆាំងនឹងទម្រង់នៃការបង្ខិតបង្ខំទាំងអស់»៕

