ទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃសុក្រ (២៣ មករា) នេះថា ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញសាកសពអ្នកដំណើរចំនួន ១០នាក់ នៅលើយន្តហោះឃ្លាំមើលការនេសាទមួយគ្រឿង ដែលបានបាត់ខ្លួននៅក្នុងខេត្ត Sulawesi ខាងត្បូងប្រទេសឥណ្ឌូនេស៊ី កាលពីចុងសប្តាហ៍មុន។
យន្តហោះខ្នាតតូច ATR 42-500 ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ ដឹកជញ្ជូនតាមផ្លូវអាកាសឥណ្ឌូនេស៊ី (IAT) បានបាត់ការទាក់ទងជាមួយក្រុមត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស កាលពីថ្ងៃសៅរ៍កន្លងទៅ វេលាម៉ោងក្នុងស្រុកប្រហែល ១:៣០ នាទីរសៀល នៅជុំវិញតំបន់ Maros ស្ថិតនៅភាគខាងត្បូង Sulawesi។

មន្រ្តីនិយាយថា មានសមាជិកបុគ្គលិក ៧នាក់ និងអ្នកដំណើរ ៣នាក់ លើយន្តហោះ ដែលត្រូវបានជួលដោយក្រសួងកិច្ចការដែនសមុទ្រ និងនេសាទរបស់ឥណ្ឌូនេស៊ី ដើម្បីធ្វើការឃ្លាំមើលតាមអាកាសលើការនេសាទរបស់ខ្លួន ដោយអ្នកដំណើរទាំងនោះគឺជាបុគ្គលិករបស់ក្រសួង។
ប្រធានគណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិឥណ្ឌូនេស៊ី (KNKT) ដែលទទួលខុសត្រូវស៊ើបអង្កេតគ្រោះថ្នាក់ដឹកជញ្ជូន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅសប្តាហ៍នេះថា គណៈកម្មាធិការកំពុងស៊ើបអង្កេតខ្លឹមសារនៃប្រអប់ខ្មៅ ដែលទើបរកឃើញថ្មីៗនេះ៕


