នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney កាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែមករា ឆ្នាំ២០២៦) បានធ្វើការតបតធ្ងន់ៗត្រឡប់ទៅវិញ ចំពោះការអះអាងបង្កបញ្ហារបស់ប្រធានាធិបតីអាមេរិក លោក Donald Trump នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ដែលថា «កាណាដារស់ដោយសារសហរដ្ឋអាមេរិក»។
ក្នុងអំឡុងពេលផ្ដល់សុន្ទរកថាជាតិ នៅទីក្រុង Quebec មុនសម័យប្រជុំសភាថ្មី ទោះបីជាលោកបានទទួលស្គាល់ «ភាពជាដៃគូដ៏សំខាន់» រវាងប្រទេសទាំង២ ក៏ដោយ ក៏លោក Carney បានឆ្លើយតបខ្លាំងៗទៅវិញថា៖ «ប្រទេសកាណាដាមិនរស់ដោយសារសហរដ្ឋអាមេរិកនោះទេ។ កាណាដារីកចម្រើន ព្រោះពួកយើងគឺជាជនជាតិកាណាដា» ។

ក្រោយមានការលើកឡើងរបស់នាយករដ្ឋមន្ត្រីកាណាដានេះ លោក Trump នៅថ្ងៃព្រហស្បតិ៍នោះ ហាក់ដូចជាបានវាយបកវិញនៅលើវេទិកាបណ្ដាញសង្គម Truth Social របស់លោក ដោយលុបចោលការអញ្ជើញឲ្យប្រទេសកាណាដាចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព» ជាស្ថាប័នដែលលោកបានកំណត់ដោយខ្លួនឯងថា មានមូលនិធិរាប់ពាន់លានដុល្លារ ដើម្បីជួយដោះស្រាយជម្លោះសកល។
ប្រភពរដ្ឋាភិបាលមួយ បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃចន្ទថា កាណាដានឹងមិនបង់ប្រាក់ ដើម្បីចូលរួមក្នុងក្រុមប្រឹក្សានេះនោះទេ ទោះបីជាលោក Carney បានបង្ហាញថា លោកនឹងទទួលយកការអញ្ជើញឲ្យចូលរួមនេះក៏ដោយ។ វោហារសាស្ត្រឆ្លើយឆ្លងគ្នាទៅវិញទៅមក រវាងមេដឹកនាំទាំង២ បានគូសបញ្ជាក់ពីការមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងប្រទេសសម្ព័ន្ធមិត្តទាំង២។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Carney នាថ្ងៃព្រហស្បតិ៍នោះ បានធ្វើឡើងបន្ទាប់ពីលោកបានថ្លែងសុន្ទរកថា នៅឯវេទិកាឥស្សរជននយោបាយ និងហិរញ្ញវត្ថុ នៅទីក្រុង Davos ប្រទេសស្វីស ជាកន្លែងដែលលោកទទួលបានការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការវាយតម្លៃដោយស្មោះត្រង់របស់លោក អំពី «ការបែកបាក់» នៅក្នុងសណ្តាប់ធ្នាប់សកលដែលដឹកនាំដោយសហរដ្ឋអាមេរិក និងផ្អែកលើច្បាប់៕
