ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានប្រាប់សមភាគីប្រេស៊ីលរបស់លោក នៅថ្ងៃសុក្រ (ទី២៣ ខែមករា ឆ្នាំ២០២៦) នេះថា ប្រទេសចិន និងប្រេស៊ីល គួរតែការពារផលប្រយោជន៍រួមរបស់ Global South (ប្រជាជាតិកំពុងអភិវឌ្ឍន៍សកលខាងត្បូង) ហើយរួមគ្នាបន្តរក្សាតួនាទីស្នូលរបស់អង្គការសហប្រជាជាតិ (UN)។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋនេះ បានបន្ថែមថា អំឡុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva លោក ស៊ី បានសង្កត់ធ្ងន់ថា ប្រទេសទាំង២ គឺជាកម្លាំងស្ថាបនា ក្នុងការការពារសន្តិភាពពិភពលោក និងធ្វើឲ្យអភិបាលកិច្ចសកលកាន់តែប្រសើរឡើង។
ដោយបញ្ជាក់ជាថ្មី អំពីគោលជំហរដ៏យូរអង្វែង លើទំនាក់ទំនងក្នុងតំបន់ លោក ស៊ី បានប្រាប់លោក Lula ថា៖ «ប្រទេសចិនមានឆន្ទៈក្នុងការរក្សាភាពជាមិត្ត និងដៃគូល្អ ចំពោះបណ្ដាប្រទេសតំបន់អាមេរិកឡាទីន និងការ៉ាអ៊ីប»។ លោកបានបន្ថែមថា ប្រទេសរបស់លោក បានសម្លឹងដល់ការជំរុញការកសាងសហគមន៍ចិន-អាមេរិកឡាទីន ដែលមានអនាគតរួមគ្នា។
ជាមួយគ្នានេះ លោក ស៊ី បានសង្កត់ធ្ងន់ថា ភាពជាដៃគូយុទ្ធសាស្ត្រឆ្នាំ២០២៤ ដើម្បីឲ្យគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិន ស្របជាមួយនឹងផែនការរបស់ប្រេស៊ីល ដើម្បីជំរុញវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរថាមពល គឺជាឧទាហរណ៍នៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមបណ្ដាប្រទេស Global South។
គួរបញ្ជាក់ថា កិច្ចពិភាក្សានៅថ្ងៃសុក្រនេះ បានកើតឡើងក្រោយប៉ុន្មានសប្តាហ៍បន្ទាប់ពីរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ដើម្បីកាត់ទោសនៅសហរដ្ឋអាមេរិក ជុំវិញការចោទប្រកាន់គ្រឿងញៀន៕
