បណ្ដាមេដឹកនាំអឺរ៉ុប នៅតែមានមន្ទិលសង្ស័យយ៉ាងខ្លាំង អំពីវិសាលភាពនៃ «ក្រុមប្រឹក្សាសន្តិភាព» របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ប៉ុន្តែបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក និងស្ថាប័នដែលទើបបង្កើតថ្មី នៅតំបន់ហ្កាហ្សា។ នេះបើយោងតាមប្រធានសហភាពអឺរ៉ុប (EU) លោក Antonio Costa ដែលបាននិយាយនៅថ្ងៃសុក្រ (ទី២៣ ខែមករា ឆ្នាំ២០២៦) នេះ។
ក្រោយកិច្ចប្រជុំកំពូលនៃមេដឹកនាំ EU នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ប្រធានក្រុមប្រឹក្សាអឺរ៉ុបរូបនេះ បានលើកឡើងថា៖ «យើងមានមន្ទិលសង្ស័យខ្លាំងណាស់ អំពីលក្ខខណ្ឌមួយចំនួន នៅក្នុងធម្មនុញ្ញនៃក្រុមប្រឹក្សាសន្តិភាព ទាក់ទងនឹងវិសាលភាព អភិបាលកិច្ច និងភាពស្របគ្នារបស់វាជាមួយធម្មនុញ្ញអង្គការសហប្រជាជាតិ (UN)»។

តែយ៉ាងណាក្ដី លោក Costa បានបញ្ជាក់ថា៖ «យើងត្រៀមខ្លួនរួចរាល់ហើយ ក្នុងការធ្វើការរួមគ្នាជាមួយសហរដ្ឋអាមេរិក ជុំវិញការអនុវត្តផែនការសន្តិភាពដ៏ទូលំទូលាយ សម្រាប់តំបន់ហ្កាហ្សា ដោយមានក្រុមប្រឹក្សាសន្តិភាពអនុវត្តបេសកកម្មរបស់ខ្លួន ក្នុងនាមជារដ្ឋបាលអន្តរកាល»។
គួរបញ្ជាក់ថា ធម្មនុញ្ញស្ថាបនិកនៃស្ថាប័នរបស់លោក Trump សម្រាប់ដោះស្រាយជម្លោះអន្តរជាតិ មានតម្លៃ ១ពាន់លានដុល្លារ ដើម្បីទទួលបានភាពជាសមាជិកអចិន្ត្រៃយ៍។ បើទោះបីជាដើមឡើយមានគោលបំណងត្រួតពិនិត្យលើការកសាងឡើងវិញរបស់តំបន់ហ្កាហ្សាក៏ដោយ ក៏ធម្មនុញ្ញរបស់ក្រុមប្រឹក្សាហាក់មួយនេះ ដូចជាមិនកំណត់តួនាទីរបស់ខ្លួន ចំពោះត្រឹមតែដែនដីប៉ាឡេស្ទីននោះឡើយ ហើយហាក់ដូចជាចង់ប្រកួតប្រជែងជាមួយ UN។
លោក Trump បានបង្ហាញក្រុមប្រឹក្សាសន្តិភាពថ្មីនេះ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅរមណីយដ្ឋានជិះស្គី Davos របស់ប្រទេសស្វីស កាលពីថ្ងៃព្រហស្បតិ៍ ដោយមានការចូលរួមពីបណ្ដាមេដឹកនាំ និងមន្ត្រីមកពី ១៩ប្រទេស ដើម្បីចុះហត្ថលេខាលើធម្មនុញ្ញស្ថាបនិករបស់ខ្លួន៕

