លោក Yury Ushakov ដែលជាជំនួយការប្រធានាធិបតីរុស្ស៊ី បានប្រាប់ឲ្យដឹងថា អ្នកចរចារុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក នឹងធ្វើកិច្ចពិភាក្សាត្រីភាគីលើកដំបូង នៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម នាយប់ថ្ងៃសុក្រ (ទី២៣ ខែមករា ឆ្នាំ២០២៣) នេះ ដែលនឹងផ្តោតលើបញ្ហាសន្តិសុខ។
អំឡុងពេលនិយាយនៅឯសន្និសីទសារព័ត៌មាន ក្នុងទីក្រុងមូស្គូ បន្ទាប់ពីមានកិច្ចពិភាក្សារុស្ស៊ី-អាមេរិក ប្រហែល ៤ម៉ោង លោក Ushakov បានបញ្ជាក់ថា ភាគីទាំង២ បានឈានដល់ការសម្រេចនេះ អំឡុងកិច្ចប្រជុំ រវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងគណៈប្រតិភូអាមេរិក ដែលរួមមានបេសកជនពិសេស លោក Steve Witkoff និងលោក Jared Kushner រួមជាមួយស្នងការទីភ្នាក់លទ្ធកម្មសហព័ន្ធ លោក Josh Gruenbaum។ តំណាងរបស់រុស្ស៊ី គឺបេសកជនរបស់លោកប្រធានាធិបតី លោក Kirill Dmitriev និងលោក Ushakov។

លោក Ushakov បានប្រាប់ទៀតថា៖ «មានការព្រមព្រៀងគ្នាថា ថ្ងៃនេះ នៅថ្ងៃសុក្រ ទី២៣ ខែមករា កិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារត្រីភាគី ស្តីពីបញ្ហាសន្តិសុខ នឹងប្រព្រឹត្តទៅនៅទីក្រុង Abu Dhabi។ ក្រុមការងារត្រីភាគី មានតំណាងមកពីប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែន»។
លោក Ushakov បានបញ្ជាក់បន្ថែមថា គណៈប្រតិភូរុស្ស៊ី សម្រាប់កិច្ចពិភាក្សានៅអារ៉ាប់រួម ត្រូវបានបង្កើតឡើងរួចហើយ ទទួលបានការណែនាំពីលោកប្រធានាធិបតី ហើយនឹងចេញដំណើរទៅកាន់អារ៉ាប់ភ្លាមៗ។ លោក Igor Kostyukov ប្រធាននាយកដ្ឋានដ៏សំខាន់នៃអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធរុស្ស៊ី នឹងដឹកនាំភាគីរុស្ស៊ី សម្រាប់កិច្ចប្រជុំនៅទីក្រុង Abu Dhabi នេះ។ លើសពីនេះ កិច្ចប្រជុំទ្វេភាគីដាច់ដោយឡែកមួយ ស្តីពីបញ្ហាសេដ្ឋកិច្ច រវាងលោក Dmitriev និងលោក Witkoff ត្រូវបានគ្រោងធ្វើឡើងនៅទីក្រុង Abu Dhabi នេះដែរ៕
