ឆ្មាំល្បាតសមុទ្រចិន នៅថ្ងៃសុក្រ (ទី២៣ ខែមករា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានបញ្ជូននាវា ២គ្រឿង ដើម្បីជួយសង្គ្រោះសមាជិកនាវិកហ្វីលីពីនចំនួន ២១នាក់ នៅលើនាវាដឹកទំនិញបរទេសមួយគ្រឿង ដែលបានក្រឡាប់នៅជិតតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ក្នុងសមុទ្រចិនខាងត្បូង។
ឆ្មាំល្បាតឆ្នេរនេះ បានបញ្ជាក់ថា ខ្លួនបានទទួលសេចក្ដីរាយការណ៍ អំពីឧប្បត្តិហេតុនេះ នៅម៉ោងវេលា ១:៣៤ (ម៉ោងក្នុងស្រុក) ព្រឹកថ្ងៃសុក្រនេះ។ ដោយមិនបង្ហាញអត្តសញ្ញាណម្ចាស់នាវានោះ ឆ្មាំបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា មនុស្ស ១៣នាក់ ត្រូវបានជួយសង្គ្រោះ រហូតមកដល់ពេលនេះ ខណៈដែលកិច្ចប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ កំពុងបន្តធ្វើ។

ស្ថានទូតហ្វីលីពីន ប្រចាំនៅទីក្រុងប៉េកាំង មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយតាមរយៈអ៊ីម៉ែល។ តំបន់ថ្មប៉ប្រះទឹក Scarborough Shoal គឺជាភូមិសាស្ត្រផ្លូវសមុទ្រ ដែលមានការប្រទាញប្រទង់បំផុតមួយរបស់តំបន់អាស៊ី និងជាចំណុចមានជម្លោះក្តៅគគុកជាញឹកញាប់ ជុំវិញអធិបតេយ្យភាព និងសិទ្ធិនេសាទ។
កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ យោធាចិនបានឲ្យដឹងថា ខ្លួនបានរៀបចំកងកម្លាំងជើងទឹក និងអាកាស ដើម្បីបណ្តេញយន្តហោះរដ្ឋាភិបាលហ្វីលីពីន ដែលខ្លួនចោទប្រកាន់ថា «រំលោភចូលដោយខុសច្បាប់» ក្នុងដែនអាកាស ពីលើតំបន់ថ្មប៉ប្រះទឹកនេះ៕


