កងកម្លាំងសន្តិសុខគាំទ្រដោយអង្គការសហប្រជាជាតិ (UN) ដែលត្រូវបានដាក់ពង្រាយនៅហៃទី ដើម្បីជួយនគរបាលក្នុងតំបន់ ប្រយុទ្ធប្រឆាំងនឹងក្រុមអន្ធពាលប្រដាប់អាវុធដែលបានកាន់កាប់តំបន់ភាគច្រើនរបស់ប្រទេស គួរតែទទួលបានកងទ័ពបន្ថែមទៀត ក្នុងខែមេសា និងឈានដល់កម្រិតពេញលេញ នៅរដូវក្តៅ។ នេះបើយោងតាមការឲ្យដឹងពីតំណាងពិសេសរបស់ UN សម្រាប់ប្រទេសហៃទី កាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែមករា ឆ្នាំ២០២៦)។
ការសន្យាបន្ថែមកងទ័ពនេះ បានកើតឡើងនៅពេលដែលមានភាពមិនប្រាកដប្រជាខាងនយោបាយកាន់តែខ្លាំងឡើងៗ នៅក្នុងប្រទេសតំបន់ការ៉ាអ៊ីបមួយ ដោយអាណត្តិរបស់រដ្ឋាភិបាលអន្តរកាលបច្ចុប្បន្ន ត្រូវបានកំណត់ឲ្យបញ្ចប់នៅថ្ងៃទី៧ ខែកុម្ភៈ ដោយគ្មានផែនស្នងតំណែងផ្លូវការឡើយ។
តំណាង UN លោក Carlos Ruiz បាននិយាយថា កងកម្លាំងគួរតែឈានដល់កម្រិតពេញលេញ ដែលគ្រោងនឹងមានចំនួនកងទ័ព ៥.៥០០នាក់ នៅរដូវក្តៅ ឬរដូវស្លឹកឈើជ្រុះយ៉ាងយូរបំផុត។ តែលោកមិនបានបញ្ជាក់ថា តើកងទ័ពនឹងយកមកពីប្រទេសណាខ្លះនោះទេ។

នគរបាលប្រហែល ១.០០០នាក់ ភាគច្រើនជាកេនយ៉ា កំពុងស្ថិតនៅក្នុងប្រទេសហៃទី ដែលជាផ្នែកមួយនៃកម្លាំងនេះ ជាការដាក់ពង្រាយដែលត្រូវបានសម្គាល់ដោយការពន្យារពេល និងកង្វះខាតថវិកាធ្ងន់ធ្ងរ។ ចាប់តាំងពីការដាក់ពង្រាយលើកដំបូង កាលពីខែមិថុនា ឆ្នាំ២០២៤ ក្រុមអន្ធពាលបានពង្រីកការកាប់កាប់ភាគច្រើនទៅកាន់តំបន់កណ្តាល និងជនបទរបស់ហៃទី។
គួរបញ្ជាក់ថា ប្រទេសហៃទីបានជួបប្រទះវិបត្តិយ៉ាងធ្ងន់ធ្ងរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុមចោរប្លន់បានសម្លាប់ប្រជាជនហៃទីរាប់ពាន់នាក់ និងគ្រប់គ្រងតំបន់ភាគច្រើននៃរដ្ឋធានី Port-au-Prince (ព័រអូប្រាំង) ពង្រីកការកាន់តំបន់ទៅតំបន់ដីកសិកម្ម ហើយអនុវត្តការសម្លាប់រង្គាល ការរំលោភសេពសន្ថវៈ ការចាប់ជំរិតទារប្រាក់ និងការដុតបំផ្លាញផ្ទះសម្បែង៕

