ប្រទេសអេស្ប៉ាញនឹងមិនចូលរួមនោះឡើយ ក្នុងគំនិតផ្តួចផ្តើមក្រុមប្រឹក្សាសន្តិភាព ដែលត្រូវបានដាក់ចេញដោយប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីដោះស្រាយជម្លោះសកល ដោយបញ្ជាក់ថា ការសម្រេច នេះស្របនឹងការជឿជាក់របស់ខ្លួន លើប្រព័ន្ធពហុភាគីនិយម និងអង្គការសហប្រជាជាតិ (UN)។
កាលពីល្ងាចថ្ងៃព្រហស្បតិ៍ (ទី២២ ខែមករា ឆ្នាំ២០២៦) ក្រោយកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប (EU) នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងពេញចិត្តនឹងការអញ្ជើញនេះ ប៉ុន្តែយើងសូមបដិសេធ»។
ទីក្រុងវ៉ាស៊ីនតោនលើកឡើងថា ស្ថាប័ននេះនឹងជួយសម្របសម្រួល និងតាមដានបទឈប់បាញ់ រៀបចំនីតិវិធីសន្តិសុខ និងសម្របសម្រួលការកសាងឡើងវិញ នៅកន្លែងដែលទើបតែនឹងងើបចេញពីសង្គ្រាម។ គោលគំនិតនេះកើតចេញពីផែនការសន្តិភាពហ្កាហ្សារបស់លោក Trump។

បណ្ដាប្រទេសមិនបានបង្ហាញវត្តមានក្នុងពិធីបើកដំណើរការក្រុមប្រឹក្សាសន្តិភាពដែលបានធ្វើឡើង នៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នាទីក្រុង Davos ប្រទេសស្វីស កាលពីថ្ងៃព្រហស្បតិ៍ គឺជាសម្ព័ន្ធមិត្តប្រពៃណីរបស់សហរដ្ឋអាមេរិក ដូចជាកាណាដា អង់គ្លេស និងបណ្ដាសមាជិក EU ទាំងអស់ លើកលែងតែហុងគ្រី និងប៊ុលហ្គារី។
ដើម្បីបញ្ជាក់ពីការមិនចូលរួមនេះ លោក Sanchez បានលើកឡើងពីភាពស្របគ្នាជាមួយនឹងការប្តេជ្ញាចិត្តរបស់ទីក្រុងម៉ាឌ្រីដ ចំពោះច្បាប់អន្តរជាតិ UN និងពហុភាគីនិយ ជាហេតុផលចម្បងដែលខ្លួនធ្វើការបដិសេធ។ លោក Sanchez ក៏បានសង្កត់ធ្ងន់ផងដែរថា ក្រុមប្រឹក្សាសន្តិភាពនេះ មិនបានរួមបញ្ចូលអាជ្ញាធរប៉ាឡេស្ទីននោះទេ៕
