ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការបោះពុម្ពផ្សាយសារឯកជនដែលបានផ្លាស់ប្តូរជាមួយប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង( Emmanuel Macron) និងអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានធ្វើឲ្យអ្នកនយោបាយអឺរ៉ុបមានការខកចិត្ត និងបាត់បង់ ទំនុកចិត្តលើទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Politico។
យោងតាមសារព័ត៌មាននេះ ការលេចធ្លាយសារនេះ បានធ្វើឲ្យជនជាតិអឺរ៉ុបភ្ញាក់ផ្អើលជាងការគំរាមកំហែងពីមុនរបស់លោក ត្រាំ លើកោះហ្គ្រីនលែន ដោយដាក់សម្ពាធលើអឺរ៉ុបឲ្យដកថយ ជាការគំរាមកំហែងដែលប្រធានាធិបតីអាមេរិកបានបោះបង់ចោល នៅពេលក្រោយមក។

អ្នកការទូតអឺរ៉ុបម្នាក់ដែលមិនបញ្ចេញឈ្មោះ បានពិពណ៌នាអំពីសកម្មភាពរបស់លោក ត្រាំ ថា មិនអាចទទួលយកបាន ហើយបាននិយាយថា វគ្គនេះ ទំនងជានឹងបង្អាក់ទឹកចិត្តមេដឹកនាំទាំងនោះពីការទំនាក់ទំនងតាមរយៈអ្នកនាំសារទៀតទេ។ ប្រភពនេះ បានប្រាប់ Politicoថា៖«ឥឡូវនេះ អ្វីៗនឹងឆ្លងកាត់ដំណើរការដ៏ស្មុកស្មាញពុំចាំបាច់មួយចំនួន»។
អ្នកការទូត និងមន្ត្រីអឺរ៉ុប មានការព្រួយបារម្ភថា ការធ្វើឲ្យបាត់បង់ទំនុកចិត្តរវាងមេដឹកនាំអឺរ៉ុប និងលោក ត្រាំ អាចមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។ ប្រភពមួយរបស់កាសែត Politico បាននិយាយថា ការគំរាមកំហែងរបស់លោក ត្រាំ ក្នុងការគ្រប់គ្រងកោះហ្គ្រីនលែនដោយកម្លាំង បានធ្វើឲ្យសម្ព័ន្ធមិត្ត [ឆ្លងមហាសមុទ្រអាត្លង់ទិក] មានការប្រុងប្រយ័ត្នរួចទៅហើយ។ អ្នកការទូតម្នាក់ទៀត បានប្រាប់កាសែតនេះថា៖«ឥឡូវនេះ ដោយសារទំនុកចិត្តបានបាត់បង់ទៅហើយ វាមិនត្រឡប់មកវិញទេ។ ខ្ញុំមានអារម្មណ៍ថា ពិភពលោកបានផ្លាស់ប្តូរទាំងស្រុង»៕
