ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានអបអរលោក តូ ឡាំ (To Lam) ដែលបានជាប់ឆ្នោតជាអគ្គលេខាធិការបក្សកុម្មុយនីស្តឡើងវិញ ដោយបានកោតសរសើរសមិទ្ធផលរបស់វៀតណាម និងពណ៌នាប្រទេសទាំង២ថា ជា «សហគមន៍ដែលមានអនាគតរួមគ្នា»។
តាមរយៈសារអបអរសាទរដែលបានផ្ញើនៅថ្ងៃសុក្រ (ទី២៣ ខែមករា ឆ្នាំ២០២៦) នេះ លោក ស៊ី បានលើកឡើងថា វៀតណាមសម្រេចបាន «លទ្ធផលដ៏គួរឲ្យកត់សម្គាល់» ក្នុងការកសាង និងកែទម្រង់សង្គមនិយម ខណៈដែលកំពុងលើកឋានៈ និងឥទ្ធិពលជាអន្តរជាតិរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua។

វៀតណាម និងចិន គឺស្ថិតក្នុងចំណោមរដ្ឋកុម្មុយនីស្តមួយចំនួនតូច នៅលើពិភពលោក។ ទោះបីជាប្រទេសជិតខាងទាំង២ មានប្រវត្តិយូរអង្វែងនៃការមិនទុកចិត្ត និងជម្លោះទឹកដី ក្នុងនោះរួមទាំងកោះ និងដែនទឹក ក្នុងសមុទ្រចិនខាងត្បូងក៏ដោយ ក៏គណបក្សកុម្មុយនីស្តរបស់ភាគីទាំង២ នៅតែមានភាពជិតស្និទ្ធជាផ្លូវការ។
លោក ស៊ី បានសង្កត់ធ្ងន់ថា «ចិន និងវៀតណាម គឺជាប្រទេសជិតខាងសង្គមនិយមដ៏រួសរាយរាក់ទាក់ និងជាសហគមន៍មួយមានអនាគតរួមគ្នាដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ» ដោយលោកបានបន្ថែមថា លោកវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងរវាងប្រទេស និងគណបក្សទាំង២។
ជាមួយគ្នានេះ សារព័ត៌មាន Xinhua បានឲ្យដឹងទៀតថា លោក ស៊ី បានសម្តែងឆន្ទៈក្នុងការធ្វើការជាមួយលោក ឡាំ ដើម្បី «ពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រ បន្តលើកកម្ពស់ចំណងមិត្តភាពជាប្រពៃណី និងជំរុញបុព្វហេតុសង្គមនិយមយ៉ាងរឹងមាំ» ខណៈដែលរួមចំណែកដល់សន្តិភាព និងស្ថិរភាព ក្នុងតំបន់ និងពិភពលោក។
សូមបញ្ជាក់ថា នៅថ្ងៃសុក្រ លោក ឡាំ ត្រូវបានជ្រើសរើសឡើងវិញឲ្យកាន់តំណែងដ៏មានឥទ្ធិពលបំផុតរបស់វៀតណាម សម្រាប់រយៈពេល ៥ឆ្នាំបន្ទាប់ ក្រោយមានការបោះឆ្នោតជាឯកច្ឆន្ទដោយគណៈកម្មាធិការមជ្ឈិមបក្ស៕


