នៅថ្ងៃសុក្រនេះ ចិននិយាយការពារប្រវត្តិសិទ្ធិមនុស្សរបស់ខ្លួន ក្រោយក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ(UN)និយាយថា ការងារដោយបង្ខំរងការចោទប្រកាន់ពាក់ព័ន្ធនឹងជនជាតិភាគតិចអ៊ូយហ្គួ និងពលរដ្ឋទីបេត៍ នៅតំបន់ Xinjiang និងផ្នែកខ្លះទៀតរបស់ចិន អាចស្មើនឹងការធ្វើទាសភាព ។
លោក Guo Jiakun គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃសុក្រនេះថា ក្តីបារម្ភរបស់ក្រុមអ្នកជំនាញ ប្រឌិតឡើងទាំងស្រុង និងគ្មានមូលដ្ឋានទាល់តែសោះ ។
លោក Guo និយាយថា រដ្ឋាភិបាលចិន តែងតែប្តេជ្ញាចិត្តលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ហើយលោកជំរុញឲ្យក្រុមអ្នកជំនាញអនុវត្តកាតព្វកិច្ចរបស់ពួកគេដោយមិនលំអៀង និងចំគោលដៅ ហើយចៀសវាងធ្វើជាអាវុធ និងសមគំនិតជាកម្លាំងប្រឆាំងនឹងចិន ។
ក្រុមអ្នកជំនាញ UN បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍បញ្ចេញកាលពីថ្ងៃព្រហស្បតិ៍ថា មាននូវលំនាំការងារដោយបង្ខំរងការចោទប្រកាន់ ធ្វើឲ្យប៉ះពាល់ដល់ជនជាតិភាគតិចអ៊ូយហ្គួ ក្រុមជនជាតិភាគតិចកាហ្សាក់ស្ថាន និងកៀគីស្ថាន ក៏ដូចជាពលរដ្ឋទីបេត៍នៅតំបន់ Xinjiang និងទូទាំងខេត្តជាច្រើនទៀតរបស់ចិន ។
ពួកគេនិយាយថា ការងារដោយបង្ខំបែបនេះ ត្រូវបានជំរុញតាមរយៈកម្មវិធីកាត់បន្ថយភាពក្រីក្រកំណត់ដោយរដ្ឋាភិបាល ដែលបង្ខំឲ្យជនជាតិភាគតិចអ៊ូយហ្គួ និងសមាជិកក្រុមជនជាតិភាគតិចផ្សេងទៀត ធ្វើការនៅតំបន់ Xinjiang និងតំបន់ផ្សេងទៀត ៕