ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា សហរដ្ឋអាមេរិកមិនដែលត្រូវការអង្គការណាតូនោះទេ ដោយរូបលោករិះគន់ការជាប់ពាក់ព័ន្ធរបស់ពួកគេនៅអាហ្វហ្គានីស្ថាន ហើយនិងបានចោទសួរថាតើសម្ព័ន្ធមិត្តមួយនេះ នឹងមកជួយទីក្រុងវ៉ាស៊ីនតោនដែរឬទេ ប្រសិនបើចាំបាច់ ។
ថ្លែងទៅកាន់ទូរទស្សន៍ Fox Business Network កាលពីថ្ងៃព្រហស្បតិ៍ លោក Trump និយាយថា សម្ព័ន្ធមិត្តណាតូ បានបញ្ជូនទាហានទៅកាន់អាហ្វហ្គានីស្ថាន ប៉ុន្តែនៅឆ្ងាយពីជួរមុខបន្តិច ។ លោកថា ពួកយើងមិនដែលត្រូវការពួកគេនោះទេ ហើយពួកយើងពិតជាមិនដែលសុំអ្វីពីពួកគេនោះទេ ។
ថ្លែងទៅកាន់ទូរទស្សន៍ Sky News នៅថ្ងៃសុក្រនេះ លោក Stephen Kinnock គឺជារដ្ឋមន្រ្តីអង់គ្លេស បានចាត់ទុកសេចក្តីអត្ថាធិប្បាយបែបនេះ ថាជារឿងគួរឲ្យខកចិត្តខ្លាំងណាស់ ដោយលោកកត់សំគាល់ឃើញថា ទាហានអឺរ៉ុបជាច្រើន បានស្លាប់ ក្នុងការគាំទ្របេសកកម្មដឹកនាំដោយសហរដ្ឋអាមេរិក ។
សូមបញ្ជាក់ថា ទហានកាណាដាជាង ១៥០នាក់ ត្រូវបានសម្លាប់ជាមួយទាហានបារាំង ៩០នាក់ ខណៈដាណឺម៉ាកដែលស្ថិតក្រោមសម្ពាពពីលោក Trumpឲ្យលក់តំបន់ពាក់កណ្តាលស្វយ័ត Greenland ដល់សហរដ្ឋអាមេរិក បាត់បង់ទាហាន ៤៤នាក់ ដែលស្ថិតនៅក្នុងចំណោមអត្រាស្លាប់ទាហានច្រើនបំផុតរបស់អង្គការណាតូ ៕