នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បាននិយាយនៅថ្ងៃសុក្រ (ទី២៣ ខែមករា ឆ្នាំ២០២៦) នេះថា លោកស្រីបានយល់ស្របជាមួយប្រមុខអង្គការណាតូ (NATO) គឺលោក Mark Rutte ថា សម្ព័ន្ធភាពនេះត្រូវជំរុញសន្តិសុខនៅតំបន់អាកទិក បន្ទាប់ពីមានភាពច្របូកច្របល់ជាច្រើនសប្តាហ៍ ជុំវិញការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការបញ្ចូលកោះ Greenland ជាដែនដីឧបសម្ព័ន្ធ។
រដ្ឋាភិបាលនៃប្រទេសដាណឺម៉ាក និងកោះ Greenland ដែលជាទឹកដីពាក់កណ្ដាលស្វយ័តរបស់ដាណឺម៉ាក ទទូចថា អធិបតេយ្យភាពរបស់កោះនេះ មិនមែនជារឿងដែលត្រូវយកមកពិភាក្សានោះទេ ប៉ុន្តែបាននិយាយថា ពួកគេបើកចំហ សម្រាប់ការពិភាក្សាលើប្រធានបទជាច្រើនទៀត។

លោក Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានធានាឲ្យមានសិទ្ធិចូលទៅប្រើប្រាស់កោះ Greenland ទាំងស្រុង និងជាអចិន្ត្រៃយ៍ សម្រាប់សហរដ្ឋអាមេរិក បន្ទាប់ពីមានការពិភាក្សាជាមួយលោក Rutte ខណៈដែលប្រមុខអង្គការណាតូ បានប្រាប់ថា សម្ព័ន្ធមិត្តនឹងត្រូវបង្កើនកិច្ចប្រឹងប្រែង ដើម្បីទប់ស្កាត់ការគំរាមកំហែងពីប្រទេសរុស្ស៊ី និងចិន នៅតំបន់ចុងភាគខាងជើងនេះ។
តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម នាថ្ងៃសុក្រនេះ លោកស្រី Frederiksen បានបញ្ជាក់ថា៖ «យើងយល់ស្របគ្នាថា អង្គការណាតូត្រូវតែបង្កើនការចូលរួមរបស់ខ្លួន នៅក្នុងតំបន់អាក់ទិក។ ការការពារ និងសន្តិសុខ នៅតំបន់អាក់ទិក គឺជាបញ្ហាសម្រាប់សម្ព័ន្ធភាពទាំងមូល»។
លោក Rutte បាននិយាយថា លោកកំពុងធ្វើការជាមួយមេដឹកនាំដាណឺម៉ាក ដើម្បីធ្វើឲ្យប្រសើរឡើងនូវការទប់ស្កាត់ និងការការពារ។ លោកស្រី Frederiksen នឹងធ្វើដំណើរទៅកាន់រដ្ឋធានី Nuuk របស់កោះ Greenland នៅថ្ងៃសុក្រនេះ ដើម្បីជួបជាមួយមេដឹកនាំកោះនេះ៕


