ក្រុមសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក នាថ្ងៃសុក្រ (ទី២៣ ខែមករា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានអះអាងពីការស្លាប់របស់មនុស្សជាង ៥.០០០នាក់ ក្នុងអំឡុងពេលមានតវ៉ា ដែលបានរីករាលដាលពាសពេញប្រទេសអ៊ីរ៉ង់ ហើយភាគច្រើនលើសលប់ គឺជាអ្នកតវ៉ាដែលត្រូវបានកំណត់គោលដៅដោយកងកម្លាំងសន្តិសុខ។
អង្គការមិនមែនរដ្ឋាភិបាលជាច្រើនដែលតាមដានចំនួនអ្នកស្លាប់ ដោយសារការបង្ក្រាបលើការតវ៉ាដ៏ធំបំផុតជាលើកដំបូង នៅអ៊ីរ៉ង់ ក្នុងរយៈពេលជាច្រើនឆ្នាំនេះ បានបញ្ជាក់ថា ភារកិច្ចរបស់ពួកគេ ត្រូវបានរារាំងដោយការបិទប្រព័ន្ធអ៊ីនធឺណិត ដោយបានព្រមានថា តួលេខដែលត្រូវបានបញ្ជាក់នេះ ទំនងជាទាបជាងឆ្ងាយពីចំនួនពិតប្រាកដ។
ទីភ្នាក់ងារសារព័ត៌មានសកម្មជនសិទ្ធិមនុស្ស (HRANA) ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បានឲ្យដឹងថា ស្ថាប័នបានបញ្ជាក់ថា មនុស្សចំនួន ៥.០០២នាក់ ត្រូវបានសម្លាប់ ដែលរួមមានអ្នកតវ៉ា ៤.៧១៤នាក់ អនីតិជន ៤២នាក់ សមាជិកកងកម្លាំងសន្តិសុខ ២០៧នាក់ និងអ្នកឈរមើល ៣៩នាក់។
ប៉ុន្តែក្រុមនេះបានបន្ថែមថា ខ្លួននៅតែកំពុងស៊ើបអង្កេតករណីដែលមានអ្នកបាត់បង់ជីវិតចំនួន ៩.៧៨៧នាក់ផ្សេងទៀត។ ហើយស្ថាប័ននេះបានបន្ថែមថា យ៉ាងហោចណាស់មានមនុស្ស ២៦.៨៥២នាក់ ត្រូវបានចាប់ខ្លួន។
ដោយបានផ្តល់តួលេខផ្លូវការដំបូងរបស់ខ្លួន ពាក់ព័ន្ធនឹងការតវ៉ា អាជ្ញាធរអ៊ីរ៉ង់ កាលថ្ងៃពុធ បានឲ្យដឹងថា មនុស្សចំនួន ៣.១១៧នាក់ត្រូវបានសម្លាប់៕