តុលាការធម្មនុញ្ញប៊ុលហ្គារី នាថ្ងៃសុក្រ (ទី២៣ ខែមករា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ស្ថាប័នបានយល់ព្រមអនុម័តការលាលែងពីតំណែងរបស់ប្រធានាធិបតី លោក Rumen Radev ដែលបើកផ្លូវឲ្យលោកអាចចាកចេញពីតួនាទី។
លោក Radev បានដាក់លិខិតលាលែងពីតំណែង នៅសប្តាហ៍នេះ ដែលជំរុញឲ្យមានការរំពឹងទុកថា លោកនឹងបង្កើតគណបក្សនយោបាយផ្ទាល់ខ្លួន ដើម្បីឈរឈ្មោះក្នុងការបោះឆ្នោតសភា នាពេលខាងមុខ។ លោកត្រូវកាន់តំណែងដែលភាគច្រើនជាបែបពិធីការនេះ រហូតដល់ខែមករា ឆ្នាំ២០២៧។ តុលាការធម្មនុញ្ញ បានប្រកាសថា អំណាចរបស់លោក Radev ឥឡូវនេះ ត្រូវបានដកហើយ។
លោក Radev ដែលការចាកចេញពីតួនាទីរបស់លោក បានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលមុន បានលាលែងពីតំណែងកាលពីខែមុន នឹងត្រូវបានជំនួសដោយអនុប្រធានាធិបតី លោកស្រី Iliana Iotova ដែលត្រូវបានគេរំពឹងថា នឹងតែងតាំងរដ្ឋាភិបាលចាំផ្ទះ និងកំណត់កាលបរិច្ឆេទ សម្រាប់ការបោះឆ្នោតសភា ដែលជាការបោះឆ្នោតលើកទី៨ ក្នុងរយៈពេលត្រឹមតែ ៤ឆ្នាំ។
លោក Radev បានលើកឡើងជាយូរមកហើយ អំពីលទ្ធភាពនៃការបង្កើតគណបក្សផ្ទាល់ខ្លួនរបស់លោក ដើម្បីនាំមកនូវស្ថិរភាព ហើយប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ នៅក្នុងប្រទេសមួយ ស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុត និងពុករលួយបំផុតរបស់សហភាពអឺរ៉ុប ដែលបានចូលរួមជាមួយតំបន់ចាយប្រាក់អឺរ៉ូ កាលពីថ្ងៃទី១ ខែមករាឆ្នាំនេះ។
តែយ៉ាងណាក្ដី គេមិនទាន់ច្បាស់លាស់នៅឡើយទេថា តើលោកនឹងចាត់វិធានការអ្វីដែរ ឬទេ នៅមុនការបោះឆ្នោតនាពេលខាងមុខ៕